ព័ត៍មានទាន់​ហេតុការណ៏
Search

កែវ សុខ​ផេង ដាក់​គោលដៅ​ជួយ​កម្ពុជា ឆ្លង​ផុត​វគ្គ​ជម្រុះ​ពូ​ល ក្នុង​ព្រឹត្តិការណ៍ SEA Game 2019

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩​នេះ អំឡុង​ការប្រមូលផ្តុំ​ហ្វឹកហាត់​លើក​ចុងក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ២២​ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែប្រយុទ្ធ​ជួរមុខ កែវ សុខ​ផេង បានបង្ហាញ​មហិច្ឆតា​របស់​ខ្លួន នាំ​កម្ពុជា ឆ្លង​ផុត​វគ្គ​ជម្រុះ​ពូ​ល ក្នុង​ព្រឹត្តិការណ៍ SEA Games លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។

ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន សុខ​ផេង​និយាយ​ថា “ គោលដៅ​របស់ខ្ញុំ គឺ​ជួយ​ឲ្យ​កម្ពុជា ឆ្លង​ផុត​ពូ​ល​ព្រោះ​វា​គឺជា​ប្រវត្តិសាស្ត្រ​របស់​យើង ដែល​ពុំ​ធ្លាប់​បាន​ឆ្លង​ផុត​ពូ​ល​ទេ នៅ Sea Game នេះ ហើយ​យើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ”។

លើសពី​នេះ​ទៀត ខ្សែប្រយុទ្ធ​មកពី​ក្លិប​វិសាខា និង​ធ្លាប់​មាន​បទពិសោធន៍​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ SEA GAMES កាលពី​ឆ្នាំ ២០១៥ បាន​បន្ថែម​ថា “ ពួក​យើង​នឹង​ព្យាយាម​លេង​ឱ្យបាន​ឈ្នះ​គ្រប់​ការប្រកួត​ហើយ ឆ្លង​ពូ​ល ដើម្បី​ឲ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នកគាំទ្រ​ចង់បាន យើង​នឹង​ប្រឹង​បន្ថែមទៀត ព្រោះនេះ​ជា​ឱកាសល្អ​របស់​យើង ហើយ​ពួក​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ”។

គួរឱ្យ​ដឹងថា នៅក្នុង​ព្រឹត្តិការណ៍ SEA GAMES លើក​ទី ៣០ ឆ្នាំ ២០១៩​នេះ លើ​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស កម្ពុជា ស្ថិតក្នុង​ពូ​ល A រួមជាមួយ​នឹង ហ្វីលីពីន​, មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង ទី​ម័​រ​ខាងកើត ហើយ​ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ វិច្ឆិកា រហូតដល់​ថ្ងៃទី ៤ ខែ ធ្នូ មុន​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្រុម​លេខ ១ និង លេខ ២ ក្នុង​ពូ​ល A និង B មាន​សិទ្ធិ​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី៧ ខែ ធ្នូ មុន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ ប្រជែង​យក​មេដាយ​មាស ប្រចាំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​នេះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114