BREAKING NEWS
Search

កំពុង​ឈប់​ម៉ូតូ​ចាំស្តុប ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បុក​ពីក្រោយ​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់

​ភ្នំពេញ​ ៖ បុរស​ម្នា​ក់​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​លើ​ដងផ្លូវ​យ៉ាង​អាណោចអាធម៌​ និង​ ម្នាក់ទៀត​បាន​រង​របួស​ស្រាល​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​និង​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ឈប់​ចាំ​ស្តុ​ប​២​នាក់​ បងប្អូនជីដូន​១​មួយ​គ្រឿង​បណ្ដាល​ឲ្យ កិន​តែម្តង ហើយ​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៤​រសៀល ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ចំណុច​ស្តុប​បំបែក​ជា​បី បត់​ចូលក្នុង​ទីក្រុង OCIC ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦​ភូមិ​ព្រែកលៀប​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទុយ បាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ​ ចំណែក​អ្នករួមដំណើរ​ពីក្រោយ​មានឈ្មោះ​មាស​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​មុខរបរ​ជាង​ពិ​ដាន​ដូចគ្នា​ស្នាក់នៅ​ជាមួយគ្នា​។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស២​នាក់​បងប្អូនជីដូន​១​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​១E-២៤៦០ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ទិសដៅ​ពី ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ គឺ​បាន​ឈប់​ម៉ូតូ ចាំ​ស្តុ​ប​រង់ចាំ​ភ្លើងស្តុប ដើម្បី​ធ្វើដំណើរ​ទៅមុខ​បន្ត ស្របពេលនោះ​ក៏​ ស្រាប់​តែ​មាន​រថយន្ត​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង ម៉ាក​Mitsubishi ដែល​មិន​មាន​ស្លាក​លេខ​ទាំង​មុខក្រោយ ប៉ុន្តែ​មាន​ស្លាក​លេខ​នៅលើ ពន្ធ​ផ្លូវ ដែល​បិទ​កញ្ចក់​រថយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦៩៩ ដែល​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្រប​ទិសដៅ​គ្នា ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន និង បើកបរ មិន​ឈប់​ភ្លើងស្តុប ថែមទាំង​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង អូស​ជិត ១៥​ម៉ែត្រ បណ្ដាល​ឲ្យ កិន​ក្បាល​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ​និង ម្នាក់ទៀត​រងរបួស​ស្រាល ចំណែក​តៃកុង​រថយន្ត​ទំនើង​បំរុង​រត់​ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​ផងដែរ។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕
ឌី​រៀ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114