ព័ត៍មានទាន់​ហេតុការណ៏
Search

ក្តាម​ជប៉ុន​មួយ​ក្បាល​ បំបែក​កំណត់ត្រា​ថ្លៃ​បំផុត​តម្លៃ ៤៦ ០០០​ដុល្លារ​ក្នុងការ​ដេញថ្លៃ

មន្ត្រី​ក្នុង​តំបន់​ជាច្រើន ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អ្នកដេញថ្លៃ​ជនជាតិ​ជប៉ុន​ម្នាក់​ បាន​ចំណាយ​ប្រាក់​ចំនួន ៤៦០០០ ដុល្លារ​ក្នុងការ​ដេញថ្លៃ​សម្រាប់​ក្តាម​ព្រិល​មួយ​ក្បាល​ ដែលជា​តម្លៃ​មួយ​ដែល​អាចបង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី។

សត្វ​សមុទ្រ​រដូវរងា​នេះ​ កំពុង​ចូលដល់​រដូវ​សម្បូរ​ចាប់ពី​សប្តាហ៍​នេះ​ទៅ​ នៅ​ភាគ​ខាងលិច​តំបន់ Tottori ដែលជា​កន្លែង​សត្វ​នេះ​ត្រូវបាន​គេ​ចាប់​យកទៅលក់​ក្នុងតម្លៃ​ចុងក្រោយ ៥​លាន​យ៉េន​។​

នៅ​ប្រទេស​ជប៉ុន អ្នកទិញ​តែងតែ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​រក្សា​តំណែង​លើ​គេ​ក្នុងការ​ដេញថ្លៃ​តាម​រដូវ​កាល រាប់​ចាប់ពី​ត្រី​ធូ​ណា​រហូតដល់​ផ្លែ Melon ដោយមាន​ការធានា​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​លោក Shota Inamono បាន​លើកឡើងថា តម្លៃ​នេះ​គឺ​លើស​តម្លៃ​កំណត់ត្រា​ចាស់​កាលពី​ឆ្នាំមុន​គឺ ដែល​កាលនោះ​ដេញថ្លៃ​បាន​ត្រឹម ២​លាន​យ៉េន ដែល​ត្រូវបាន​ចុះ​ក្នុង​កំណត់ត្រា​ពិភពលោក Guinness ជា​ក្តាម​ដ៏​ថ្លៃ​បំផុត​ក្នុងពេលនោះ​តែម្ដង​។​

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្តាម​នេះ​ត្រូវបាន​ទិញ​ដោយ​អ្នក​លក់រាយ​ក្នុងស្រុក​ម្នាក់ ហើយ​វា​នឹងត្រូវ​បាន​យកទៅ​ធ្វើ​ម្ហូប​នៅ​ភោជនីយដ្ឋាន​ជប៉ុន​លំដាប់​ខ្ពស់​មួយកន្លែង​ក្នុងស្រុក Ginza របស់​ក្រុង​តូ​ក្យូ​។​

កាលពី​ខែមករា សហគ្រិន​ស៊ូ​ស៊ី​ជនជាតិ​ជប៉ុន​ម្នា​ក់ បាន​ចំណាយ​ប្រាក់ ៣,១​លាន​ដុល្លារ​សម្រាប់​ត្រី​ធូ​ណា​យក្ស​មួយ​ក្បាល​នៅ​ផ្សារ​ត្រី Toyosu​របស់​ក្រុង​តូ​ក្យូ ខណៈដែល​ផ្លែ Melon មួយគូ​កាលពី​ឆ្នាំមុន​ទទួលបាន​កំណត់​ត្រា​ថ្លៃ​បំផុត​តម្លៃ ២៩ ៣០០ ដុល្លារ​នៅឯ​ពិធី​ដេញថ្លៃ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114