ក្មេងជំទង់ម្នាក់បាត់ខ្លួន ៣ សប្តាហ៍ ត្រូវគេរកឃើញដេកស្លាប់ក្នុងបំពង់ផ្សែង

សហរដ្ឋអាមេរិក៖ សាកសពក្មេងប្រុសជំទង់ម្នាក់ត្រូវបានរកឃើញនៅក្នុងបំពង់ផ្សែងក្នុងផ្ទះដែលទុកចោល បន្ទាប់ពីបានបាត់ខ្លួននៅពេលដើរទៅសាលារៀននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងរដ្ឋ Ohio ។

Harley Dilly អាយុ ១៤ ឆ្នាំបានបាត់ខ្លួន៣សប្ដាហ៍ និងត្រូវបានគេរកឃើញសាកសព នៅថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីការបាត់ខ្លួនរបស់ Harley កាលពីខែមុន ក្រុមគ្រួសាររបស់គេបានប្ដឹងដល់ប៉ូលីស ដើម្បីស្វែងរកគេ ក៏ប៉ុន្តែពុំមានតម្រុយអ្វីឡើយ។ រហូតមកដល់ថ្ងៃចន្ទនេះ ក្រុមប៉ូលីសបានសម្រេចចិត្តឆែកផ្ទះទុកចោលដែលមានទីតាំងតាមផ្លូវទៅសាលារបស់ជនរងគ្រោះ ក្នុងក្រុង Cleveland ។

ប៉ូលីសបានរកឃើញអាវធំ និងវ៉ែនតា របស់ Harley ក្បែរបំពង់ផ្សែងឥដ្ឋនៃជាន់ទី២ ក្នុងផ្ទះដែលចាក់សោទុកចោល ។ បន្ទាប់មកប៉ូលីសក៏បានរកឃើញសាកសព Harley នៅក្នុងបំពង់ផ្សែងនោះ។

តាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា នៅថ្ងៃដែល Harley បានបាត់ខ្លួនត្រូវបានគេដឹងថា សីណ្ហភាពក្នុងក្រុងមានកម្រិត ១៨ អង្សា វាអាចមកពីគេត្រជាក់ខ្លាំង ហើយស្វែងរកកន្លែងដែលកក់ក្ដៅ។ ស្របពេលដែលវីដេអូដែលបានមកពីកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាង គេបានឃើញ Harley ស្លៀកតែខោខ្លី ពាក់អាវធំ និងអាវយឺតប៉ុណ្ណោះ ដើរទៅសាលារៀន។

 

ការសន្និដ្ឋានរបស់អាជ្ញាធរបាននិយាយថា Harley អាចមានបញ្ហាជាមួយគ្រួសារនៅថ្ងៃនោះ រួចគេក៏រត់ចេញពីផ្ទះ។ ប៉ុន្តែតាមការអះអាងរបស់គ្រួសារ បានបញ្ជាក់ថា ពុំមានរឿងបែបនោះកើតឡើងឡើយ។

ការស៊ើបអង្កេតដំបូងពុំមានភ័ស្តុតាងណាមួយបង្ហាញថា Harley ត្រូវបានចាប់ពង្រត់នោះទេ ក្នុងករណីនេះ។ ប៉ូលីសបានបន្តទៀតថា ការស្លាប់នេះនៅមិនទាន់ត្រូវបានកំណត់ពីបញ្ហានៅឡើយ ចំណែកការធ្វើកោសល្យវិច័យកំពុងត្រូវបានធ្វើឡើង៕

 

ចុចអាន៖  មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

 

ប្រែសម្រួល៖ សន្យា