ក្មេងប្រុស​ម្នាក់​ បែក​ថ្នាំញៀន ដុត​ផ្ទះ​ និង​កំពុង​បង្ក​អសន្តិសុខ​ក្នុងភូមិ ​ធ្វើឲ្យ​ពលរដ្ឋ​បារម្ភ​ និង​ក្រុម​គ្រួសារ​រង​ទុក្ខវេទនា​

កណ្តាល ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​លេខ​៦ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​ កំពុងមាន​ការបារម្ភ​ជា​ខ្លាំង​ពី​ចរាចរណ៍​គ្រឿងញៀន​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​សុវត្ថិភាព​ការរស់នៅ​ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​គ្រួសារ​របស់​ពួកគាត់។ ការ​បារម្ភ​នេះ ​ក្រោយ​ពេលដែល​ពួកគាត់​បានឃើញ​ក្មេងប្រុស​ម្នាក់​ ឈ្មោះ ថា សេង អាយុ​១៧​ឆ្នាំ ដែលជា​កូនប្រុស​អ្នកជិតខាង​កំពុង​បែក​ថ្នាំ​ ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ និង​ដើរ​បង្ក​អុកឡុក​ក្នុងភូមិ​ដូច​មនុស្ស​ឆ្កួត។ ការបារម្ភ​នោះ ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច​ក្មេង​ប្រុស​រូបនេះ​ដុត​ផ្ទះ ​និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុមគ្រួសារ​ពួកគាត់។ ចំណែក​ស្ត្រី​ឈ្មោះ ភួង សាំង អាយុ ៥៤​ឆ្នាំ ​រស់នៅ​ភូមិ/​ឃុំ​ខាងលើ​ជា​ម្តាយបង្កើត​របស់​ក្មេងប្រុស​រងគ្រោះ​ដោយសារ​ថ្នាំញៀន​ខាងលើ​បាន​រៀបរាប់​ថា បច្ចុប្បន្ននេះ គាត់​កំពុងមាន​ការលំបាក​ខ្លាំងណាស់​ ដោយសារ​កូនប្រុស​របស់គាត់​បែក​ថ្នាំ ​ហើយ​ដុត​ផ្ទះ​ឆេះ​អស់​ នៅសល់តែ​ជើង​សសរ ​រស់នៅ​ក្រោម​ដំបូល​ស័ង្កសី​បីសន្លឹក​ បាំង​ជញ្ជាំង​តុង​រហែក​ ជីវភាព​មានការ​ខ្វះខាត​ជា​ខ្លាំង ​ដោយសារ​មួយថ្ងៃ​តាមមើល​កូន​ ខ្លាច​ទៅ​បង្ក​អុក​ឡុក​ប្រើ​អំពើ​ហិង្សា ​និង​ដុត​ផ្ទះ​អ្នកដទៃ។

ស្ត្រី​ដដែល​និយាយទៀតថា គាត់​សព្វថ្ងៃ​មិន​ត្រឹមតែ​មានការ​លំបាក​ដោយ​សារ​កូន​បែក​ថ្នាំ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មានទុក្ខ​លំបាក​ដោយសារ​ប្តី​មាន​ជំងឺ​ជាប់​ខ្លួន​ ធ្វើ​អ្វី​មិនកើត ហើយ​ថែមទាំង​គ​ថ្លង់ ​និយាយ​មិនកើត​ ស្តាប់​គ្នា​មិនបាន​ទៀត។ មុខរបរ​ដើរ​បេះ​ត្រកួន ស្លឹក​បះ និង​បន្លែ​ធម្មជាតិ​ផ្សេងៗ​ យក​មក​លក់​ ដើម្បី​ទិញ​អង្ករ​ហូប​ និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ប្តី​របស់ខ្លួន។ ឥឡូវ​កូន​បែក​ថ្នាំ​ ដើរ​បង្ក​អុកឡុក​អ្នក​ជិត​ខាង​ដូច​មនុស្ស​ឆ្កួត ធ្វើ​ឲ្យ​គាត់​ក្នុង​មួយថ្ងៃៗ​ដើរ​តាម​ការពារ​កូន មិន​អាច​ទៅ​បេះ​ត្រកួន ស្លឹក​បះ​ទេ រស់នៅ​ដោយសារ​អ្នកជិតខាង​ឲ្យ​បាយ ឲ្យ​អង្ករ​ប៉ុណ្ណោះ។

ស្ត្រី​ដដែល​និយាយទៀតថា ចំពោះ​បញ្ហា​កូន​បែក​ថ្នាំ​នេះ គាត់​បានស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​យកទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ។ ប៉ុន្តែ​ខាង​សមត្ថកិច្ច​ថា ខាង​មណ្ឌល​កែប្រែ​មិន​ទទួលយក ទើប​ធ្វើ​ឲ្យ​គាត់​មាន​ការ​លំបាក​ដូច្នេះ។

ដោយសារតែ​ការ​បារម្ភ និង ការ​លំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ​ក៏ដូចជា​ម្តាយបង្កើត​ក្មេង​ប្រុស​រងគ្រោះ​បាន​ទទូច​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​យក​ក្មេងប្រុស​រងគ្រោះ​រូបនេះ​ទៅ​ដាក់​មណ្ឌល​កែប្រែ។ ជាមួយគ្នានេះ ពួកគាត់​ក៏បាន​ស្នើសុំ​សប្បុរសជន​ ពិសេស​ សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​ជា​ម្តាយ​ដែល​កំពុង​រង​ទុក្ខវេទនា​ផង៕

អត្ថបទ ៖ មុនី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114