ក្មេង​ប្រុសស្រី​២​នាក់ ​លង់ទឹក​ស្លាប់ ពេល​តាម​ឪពុក​ទៅ​បង់សំណាញ់​

កណ្ដាល ៖ ក្មេងប្រុស​ស្រី​២​នាក់ តាម​ឪពុក​ទៅ​បង់សំណាញ់​នៅ​ក្នុង​ត្រពាំង​ទឹក​មួយ​កន្លែង ឪពុក​រវល់​តែ​បង់សំណាញ់ ភ្លេច​មើល​កូន​មួយ​ភ្លែត បណ្ដាល​ឲ្យ​កូន​និង​ក្មួយ​ដែល​មក​តាម​នោះ​ធ្លាក់​ចូល​ក្នុង​ត្រពាំង​លង់ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ។ ករណី​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ត្រពាំង​អង្គ ស្ថិតនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

​មន្ដ្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​មាន​២​នាក់ ទី​១​ឈ្មោះ ខុំ វ៉ាន់ ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​។ ឪពុក​ឈ្មោះ ញ៉ សុខុម អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ និង​ម្ដាយ​ឈ្មោះ នាង ជ្រឿ​ន អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្ម​ការ​នី​រោងចក្រ ។ និង​ទី​២​ឈ្មោះ ធូ ណា​រី ភេទ​ស្រី អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង ។ មាន​ឪពុក​ឈ្មោះ ធី ចាន់ធូ អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក និង​ម្ដាយ​ឈ្មោះ ញ៉ គៀង អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការ​នី​រោងចក្រ ។​

​ប្រភព​ដដែល​បន្ដ​ថា នៅ​ថ្ងៃ​កើត​ហេតុ ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង​១៦​និង​១៤​នាទី ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី​បង្កើត​ក៏​ទៅតាម​ដែរ។ លុះដល់​ត្រពាំង​អង្គ ឪពុក​ជនរងគ្រោះ​ក៏បាន​បង់សំណាញ់​នៅ​ខាងជើង​ត្រពាំង​អង្គ ហើយ​កូនប្រុស និង​ក្មួយ​ស្រី​លេង​ទឹក​នៅ​ខាងត្បូង។ បាន​មួយសន្ទុះ​ក្រោយមក ក្មេង​ប្រុស​ស្រី​រងគ្រោះ​ទាំង​២​នាក់​ បាន​ធ្លាក់ទឹក​ចូល​ក្នុង​ត្រពាំង​ហើយ​ហៅ​ឪពុក​ឲ្យ​ជួយ ភ្លាម​នោះ​ឪពុក​បាន​លឺ ក៏​ក្រឡេក​មើល​ខាងត្បូង​ឃើញ​កូន ក៏​រត់​មក​ជួយ​កូន ប៉ុន្តែ​ទម្រាំ​មកដល់​ឪពុក​ទន់​ជើង​ស្លុត​ស្មារតី​បាន​ឈរ​មើល​ហើយ​ស្រែកយំ​ឲ្យ​ជួយ​កូនប្រុស និង​ក្មួយ​ស្រី បាន​សន្ទុះ​ក្រោយមក មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​រត់​ជួយ ​ហើយ​ទម្រាំ​រក​ឃើញ​ប្រហែលជា​កន្លះ​ម៉ោង​ទើប​រក​ឃើញ​ក្មេង​ទាំងពីរ​នាក់ តែ​ជា​អកុសល​ក្មេង​ទាំង​២​នាក់​នោះ លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។​ ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ខាងលើ ភ្លាម​នោះ ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព ដោយ​បញ្ជាក់​ថា ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន រួច​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕​
អត្ថបទ៖ មុនី
សូមចុចអាន៖ ​ ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេច​អស់ ​ម្តាយ​ទ្រាំលែង​បាន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន