ក្មេង​ប្រុស​អាយុ៦ឆ្នាំម្នាក់​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ក្មេង​ទំនើង​បើក​ម៉ូតូ​បុក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង
BREAKING NEWS
Search

ក្មេង​ប្រុស​អាយុ៦ឆ្នាំម្នាក់​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ក្មេង​ទំនើង​បើក​ម៉ូតូ​បុក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង

បន្ទាយមានជ័យ ៖ ក្មេង​ប្រុស​អាយុ៦ឆ្នាំម្នាក់​ ដើរ​ឆ្លង​ផ្លូវ​មិនទាន់​បាន​ផុត​ចិញ្ចើម​ផ្លូវ​ផង ក៏​ត្រូវ​ក្មេង​ទំនើប​បើក​លឿន​ដូចហោះ​មក​​បុក​បណ្ដាលឲ្យ​ស្លាប់ភ្លាម​នៅនឹង​កន្លែង ​ចំណែក​ក្មេងទំនើង​ដែល​បើក​ម៉ូតូបុក​ បាន​រត់​ចោល​ម៉ូតូបាត់​ស្រមោល។

ហេតុការណ៍នេះ កើតឡើង​នៅវេលាម៉ោង​១១និង​៣០នាទី​ព្រឹក​ថ្ងៃទី៣​ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវលំ ក្រាល​កៅស៊ូ​ពី​អូរ​ស្ងួត ទៅ​សំបួរ ត្រង់ចំណុច​ភូមិ​គោក​ក្តួច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា​កុមារ​រងគ្រោះ​ឈ្មោះ​មាន ណុំ នុ ប្រុស អាយុ​៦​ឆ្នាំ នៅ​ភូមិ​គោក​ក្រួច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោកបាន​បន្តថា មុន​ពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ បាន​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​មិន​ផុត​ដល់​ចិញ្ចើម​ផ្លូវ​ខាងជើង​ស្រាប់តែ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1M-5722 បើក​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​ដោយ​ល្បឿន​ម៉ូតូ​លឿន​ពេក​បើក​មកដល់​កន្លែង​ក្មេង​ឆ្លងថ្នល់​បុក​ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​ក្មេងប្រុស​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។

ចំណែក​ម៉ូតូ​ដួល​អ្នក​បើក​រត់​គេច​ខ្លួន​បាត់ ទុក​នៅតែ​ម៉ូតូ។ ​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ក្រោយពី​ពិនិត្យ​រួច​បានប្រគល់​សព​ក្មេងប្រុស​ឲ្យ​ឪពុកម្តាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​របស់​ជនបង្ក​ល្មើស បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ មក​ដោះស្រាយ​តាមច្បាប់​នៅខាងមុខ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114