ក្មេង​ស្រី​ម្នាក់ ​ដើរ​ធ្លាក់​ស្ពាន លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

កំពង់ធំ ៖ មាន​ហេតុការណ៍​មួយ​បាន​កើតឡើង ដោយសារ​ក្មេង​ស្រី​ម្នាក់ ​កាន់​លុយ ​១ ០០០ ​រៀល ដើរ​ឆ្លង​ស្ទឹង ក៏​ធ្លាក់ពីលើ​ស្ពាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ម្តាយ​ដេកលក់ ដែល​ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ទី​២៥ ខែ​មីនា ​ឆ្នាំ​២០២០ នៅ​ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ក្នុង​ទឹកស្ទឹង​សែន កម្លាំង​ប៉ុស្តិ៍ និង​រដ្ឋ​អំណាច បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង ​ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ។ ក្នុង​ពោះ​ក្មេង​រង​គ្រោះ​មាន​ទឹក ទើប​សន្និដ្ឋាន​ថា សព​ពិត​ជា​ស្លាប់​ដោយ​សារ​លង់ទឹក​ពិត​ប្រាកដ​មែន​។

ក្មេង​រងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ថន សុ​ម៉ាលី ភេទ​ស្រី អាយុ​០៥​ឆ្នាំ​។ ចំណែក​ឪពុក​ឈ្មោះ ឆាត ថន អាយុ​៥៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ និង ម្តាយ​ឈ្មោះ ឈន យ៉ុង អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ។

តាម​ការ​បំភ្លឺ​ពី​ឪពុក​ក្មេងរង​គ្រោះ​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១៤​និង​០០​នាទី ខ្លួន​មក​ពី​​ការ​ប្អូន​នៅ​ត្រើយ​ស្ទឹង​ម្ខាង និង​បាន​នាំ​កូន​ដែល​ជា​ជនរងគ្រោះ​ដើរ​ឆ្លង​ស្ទឹង​ត្រឡប់​មក​ផ្ទះ​វិញ។

ឪពុក​ក្មេង​រង​គ្រោះ​បាន​និយាយ​បន្ត​ទៀត​ថា លោក​បាន​ងូតទឹក​ពាង​ឲ្យ​កូន ​រួច​ឲ្យ​លុយ​វា(ជនរង​គ្រោះ) ១ ០០០ រៀល ហើយ​ខ្លួន​ក៏​ដេកលក់​នៅ​នឹង​ផ្ទះ ដោយ​មិនបាន​មើល​កូន​ទេ។ លុះ​ល្ងាច​ម៉ោង​ប្រហែល​១៧​និង​៣០​នាទី​ បាត់​មិនឃើញ​កូន ក៏​ឆោឡោ​ដើរ​រក រហូតដល់​ម៉ោង​១៨និង​៤០​នាទី បាន​ចុះ​ទៅ​រាវរក​ក្នុង​ស្ទឹង​កន្លែង​នាំ​កូន​ឆ្លង​មកពី​ការ​ប្អូន ​ក៏​ប្រទះឃើញ​ក្មេង​ស្រី​រងគ្រោះ​នៅក្នុង​ទឹកស្ទឹង​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ និង​មាន​ទឹក​ពេញ​ក្នុង​ពោះ​ថែមទៀតផង។

ក្រោយពី​ពិនិត្យ​ចប់សព្វគ្រប់ ​កម្លាំង​ប៉ុស្តិ៍ និង​រដ្ឋ​អំណាច បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

​អត្ថបទ ៖ ប៊ុន ​រដ្ឋា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114