ក្រសួងការបរទេស​ថា និស្សិត​ខ្មែរ​២៣​រូប នៅ​ខេត្ត​ហ៊ូ​ប៉េ ដែល​កំពុង​ប្រឈម​នឹង​ជំងឺ កូ​រ៉ូ​ណា មិនមាន​អ្វី​កើតឡើង​ទេ

ភ្នំពេញ ​៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​ថា នៅ​ទីក្រុង​វូ​ហាន់ ខេត្ត​ហ៊ូ​ប៉េ ប្រទេស​ចិន កំពុង​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា (corona) មាន​និស្សិត​ខ្មែរ​ចំនួន​២៣​រូប តែ​មិនមាន​អ្វី​កើតឡើង​ទេ​។

លោក កុយ គួ​ង បញ្ជាក់​ថា យើង​បាន​ទាក់​ទៅ​អាជ្ញាធរ​នៅ​ខេត្ត​ហ៊ូ​ប៉េ ប្រទេស​ចិន ហើយ​អាជ្ញាធរ​បាន​ឲ្យ​ខាង​សាកលវិទ្យាល័យ​មើល​ការខុសត្រូវ និង​ផ្តល់​អាហារ​រហូតដល់​៣​ពេល ហើយ​សាលា​មាន​កង់​ទីន​ញាំ​អាហារ​ធម្មតា អត់​មាន​អ្វី​កើតឡើង​ទេ សំខាន់​ពួកគាត់​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង ចេះ​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ យើង​អត់​បាន​ដឹក​គាត់​ទៅណា​ទេ​។

ទាក់ទង​បញ្ហា​នេះ បើ​តាម​របាយការណ៍​របស់​លោក ម៉ែន វណ្ណា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុង​ឈី​ង បាន​អះអាង​ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៧ ខែមករា មាន​ករណី​ឆ្លង​វី​រូស​កូ​រ៉ូ​ណា នៅ​ទូទាំង​ប្រទេស​ចិន​ចំនួន​២៤៦៣ នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​៥១​នាក់ និង​ស្លាប់​ចំនួន ៨០​នាក់​, ខេត្ត​ហ៊ូ​ប៉េ (​រួមទាំង​ក្រុង​វូ​ហាន់​) មាន​ករណី​ឆ្លង​វី​រ៉ូ​ស​ចំនួន​១៤២៣ នាក់ (​ព្យាបាល​ជាសះស្បើយ ៤៤​នាក់ និង​ស្លាប់​៧៦​នាក់​), ខេត្ត​ក្វាង​តុង មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​១១១​នាក់ (​ព្យាបាល​ជាសះស្បើយ​២​នាក់​), ខេត្ត​ចឺ​ជាំ​ង មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​១០៤​នាក់ (​ព្យាបាល​ជាសះស្បើយ​២​នាក់​), ខេត្ត​ហឺ​ណាន មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​៨៣​នាក់​, ក្រុង​ឆុង​ឈី​ង មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន ៧៥​នាក់​, រដ្ឋធានី​ប៉េកាំង មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​៦០​នាក់​, ខេត្ត​ហ៊ូ​ណាន មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​៦៩​នាក់​, ខេត្ត​អាន់​ហួយ មាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ចំនួន​៦០​នាក់ និង​ខេត្ត​ក្រុង​មួយចំនួនទៀត​ដែលមាន​អ្នក​ឆ្លង​វី​រ៉ូ​ស​ជា​ក្រោម​៥០​នាក់​។

​បើ​តាម​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុង​ឈី​ង រដ្ឋាភិបាល​ចិន​បានចេញ​សេចក្តី​ជូនដំណឹង​អំពី​ការ​ពន្យារពេល​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ចិន​រហូតដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០​។ ដោយឡែក​ចំពោះ​សាលារៀន​ត្រូវ​កំណត់ពេល​បើក​បវេសនកាល​ថ្មី​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ការគ្រប់គ្រង​ជំងឺឆ្លង​តាម​តំបន់​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា សារព័ត៌មាន​របស់​ចិន បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ ថា វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​កើន​ដល់​៨០​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​វីរុស​ដ៏​សាហាវ​នេះ​នៅ​ប្រទេស​ចិន បាន​កើន​ឡើង​រហូតដល់ ២៧៦១​នាក់ ខណៈ​ប្រមាណ ៣៧​ករណី​ផ្សេងទៀត នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​។ ខាងក្រោម​ជា​តួលេខ​សរុប​នៃ​អ្នក​ឆ្លង និង​បាត់​បង់ជីវិត​នៅ​ចិន ព្រមទាំង​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ពិភពលោក ទី​១, ប្រទេស​ចិន ឆ្លង ២,៧៤៤​នាក់ ក្នុង​នោះ​ស្លាប់ ៨០​នាក់ ទី​២, ប្រទេស​ថៃ មាន​០៨​ករណី ទី​៣, ប្រទេស​អូស្ត្រាលី មាន​០៤​ករណី ទី​៤, ប្រទេស​បារាំង មាន​០៣​ករណី ទី​៥, ប្រទេស​ជប៉ុន មាន​០៤​ករណី ទី​៦, ប្រទេស​ម៉ាឡេស៊ី មាន​០៤​ករណី ទី​៧, ប្រទេស​សិង្ហ​បុរី មាន​០៤​ករណី ទី​៨, ប្រទេស​កូរ៉េខាងត្បូង មាន​០៣​ករណី ទី​៩, សហរដ្ឋអាមេរិក មាន​០៥​ករណី ទី​១០, ប្រទេស​វៀតណាម មាន​០២​ករណី ទី​១១, ប្រទេស​នេ​ប៉ាល់ មាន​០១​ករណី ទី​១២, ប្រទេស​កាណាដា មាន​០១​ករណី​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114