ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងមហាផ្ទៃ ប្រតិកម្ម​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​បម្រើ​ឲ្យ​បរទេសមួយ ដែល​ចូលចិត្ត​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០២ ខែធ្នូ បានធ្វើ​សេចក្តីបំភ្លឺ​មួយ​ទាក់ទង​ការផ្សាយ​ព័ត៌មាន​ជា​វីដេអូ របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​លើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​រាល់​មុខសញ្ញា ដែល​ចូលរួម​ដំណើរ ឬ​ទទួល​ដំណើរ​លោក សម រង្ស៊ី ដោយ​មិន​យល់មុខ ទោះជា​ជនពិការ អ្នកស្រែ​ចំការ ឬ​អ្នក​ដែល​គ្រាន់តែ​បញ្ចេញមតិ នៅលើ​បណ្តាញ​សង្គម Facebook ក៏ដោយ​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានការ​សោកស្តាយ​ចំពោះ​ពាក្យ​ខ្វះ​ការពិត និង​គ្មាន​គុណធម៌ ហើយ​ចាត់ទុកថា ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​បែបនេះ អាច​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​លើ​ការដឹក​របស់​សម្តេច​ក្រ​ឡា​ហោម និង​ក្រសួងមហាផ្ទៃ​ថា បានធ្វើការ​ដោយ​ឥត​ក្រែងរអែង និង​មិន​គោរព​ច្បាប់ទម្លាប់​ជា​ធរមាន ក៏ដូចជា​មានន័យថា កម្ពុជា​មិនមែនជា​ប្រទេស​ប្រកាន់​នីតិរដ្ឋ​។

អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង ក្នុងឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា កើត​ចេញពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ តែងតែ​គោរព​ជា​ដរាប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​សម្តេច​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​ត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណា​ក៏​ដោយ មិនអាច​ឆ្លៀត​ជ្រែក​សិទ្ធិ​នេះ ដោយ​រំលោភ ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ។

ជា​មួយ​គ្នា​នេះ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​លើ​ស្ថាប័ន​បម្រើ​ឲ្យ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សម្តេច​តែងតែ​ណែនាំ​ដល់​មន្ត្រី​ក្រោមឱវាទ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​សកម្មភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់​ខាត​​ការ​ប្រើប្រាស់​អំពើ​ហិង្សា។

ការផ្សាយ​ខុស​ផ្សេងៗ​ទៀត ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​វិទ្យុ​នេះ​បាន​ពី​យាយ​ថា កងរាជអាវុធហត្ថ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ​។ នេះ​ជា​ការ​ចុះផ្សាយ​ខុសស្រឡះ ហើយ ហាក់​មាន​ចេតនា​មិនល្អ​មក​លើ​សម្តេច​ក្រឡាហោម​។ ម្យ៉ាងទៀត​សូម្បីតែ​ភូមិកំណើត ក៏​វិទ្យុ​នេះ​មិន​ស្រាវជ្រាវ​ឲ្យ​ច្បាស់​សិន​មុននឹង​ផ្សាយ​។ តាមពិត​ភូមិកំណើត របស់​សម្តេច​ក្រឡាហោម គឺ ឈ្មោះ​ភូមិ​អណ្តូង​ស្អាត (​អណ្តូង​បុរាណ ដែលមាន​ទឹកថ្លា​ស្អាត​) ពុំ​មាន​ឈ្មោះ​ភូមិ​អណ្តូង​ស្នាក ស្ថិតក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង នោះទេ ។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅតែ​ទទូច​អំពាវនាវ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សព្វ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​វិជ្ជាជីវៈ ថ្លៃថ្នូរ មានការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ធ្វើ​ឲ្យ​សាធារណ​ជន​បាន​ទទួល​នូវ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដែល​មាន​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​កម្ពុជា​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114