ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងយុត្តិធម៌ ​ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​-​ខេត្ត ទាំងអស់​ពិនិត្យ និង​ព​ន្លឿ​ន​សំណុំរឿង​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក សម រង្ស៊ី ចូលរួម​គំនិត​ក្បត់

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​ជំរុញ​អនុវត្ដ​ស្មារតី​នៃ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​បាន​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​ធ្វើឡើង​ក្រោយពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ ដើម្បី​ឈានទៅដល់​ការដាក់​ឲ្យ​អ្នក​ចាញ់បោក​ក្រុម​ឧទ្ទាម ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ហើយ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងអស់ នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​បរាជ័យ​ទាំងស្រុង​នូវ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​បាន​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ហើយ​ដែល​បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ផ្សេង​ឲ្យ​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​គ្មាន​ទោសពៃរ៍ ដោយ​អនុវត្ត​ស្របតាម​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អាច​ជួបជុំ​រួមរស់​ជាមួយ​ក្រុមគ្រួសារ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ខាងលើ និង​ដោយសារ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្រោម​ឧបាយកល​នៃ​ការ​វិល​ត្រឡប់​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានទទួល​បរាជ័យ​ទាំងស្រុង អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានធ្វើការ​បញ្ជាក់ ទី​១. សូម​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់​បន្ត​ជំរុញ​អនុវត្ដ​ស្មារតី​នៃ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​បាន​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទី​២. ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដែលមាន​ការ​ពាក់ព័ន្ធ​ទាំងអស់ ពិនិត្យ​រៀបចំ​ធ្វើ​សេចក្តីសន្និដ្ឋាន ស្នើសុំ​ទៅ​តុលាការ ដើម្បី​ពិនិត្យ​ពិចារណា​លើ​ការបញ្ឈប់​ការ​ចាប់ខ្លួន និង​បន្ធូរបន្ថយ​ការប្រើប្រាស់​វិធានការ នៃ​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​បាន​បាញ់​បោក​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ ដោយ​ទណ្ឌិត សម រង្សី ហើយ​ដែល​បាន​ធ្លាក់ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​រួមគំនិត​ក្បត់​នា​ពេល​កន្លងមក ដោយ​ប្រើ​ប្រាស់​វិធានការ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជា​វិធាន​ការជំនួស ទៅតាម​ការចាំបាច់​ផ្នែក​នីតិវិធី​ក្នុងករណី​ជាក់ស្តែង​នីមួយៗ ដោយ​អនុវត្ត​ស្របតាម​ស្មារតី​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី​៣.​ចំពោះ​សំណុំរឿង​រួមគំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្រោម​ឧបាយកល​នៃ​ការ​វិលត្រឡប់​របស់​ទ​ណ្ឌិ​ត សម រង្សី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​របស់​តុលាការ ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​សហការ​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ជំរុញ​ដំណើរការ​នីតិវិធី​ឲ្យ​បាន​ឆាប់រហ័ស ស្របតាម​ស្មារតី​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​
​កម្ពុជា​។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​រោងចក្រ​ស៊ីម៉ង់​តិ៍​ថៃ​ប៊ុន​រ៉ុង នៅ​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដាក់​ឲ្យ​អ្នក​ចាញ់បោក​ក្រុម​ឧទ្ទាម ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងអស់ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

សម្តេច​តេ​ជោ​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​អ្នក​ដែល​យើង​បាន​ចាប់ខ្លួន ខ្ញុំ​សូម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​នឹង​ព្រះរាជអាជ្ញា ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តាមរយៈ​នៃ​ការ​ស្នើសុំ​របស់​សាមីខ្លួន របស់​មេធាវី ឬ​របស់​ក្រុមគ្រួសារ ព្រោះ​បើ​គ្មាន​ការ​ស្នើសុំ​ទេ យើង​មិនអាច​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ទេ​”​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​ជា​កិច្ចការ​ចាំបាច់ ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​ធ្វើ ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ រក្សា​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ព្រោះ​អ្នក​ទាំងនោះ ចាញ់បោក​គេ​ទេ​។

ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្តីបន្ទោស​ទៅ​អ្នកនយោបាយ ដែល​បាន​ដើរ​ហួស​បន្ទាត់​ក្រហម ហើយ​រុញ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​គ្រោះថ្នាក់ ដោយ​សម្តេច​បញ្ជាក់ថា “​អា​មេខ្លោង​វា​រុញ​យើង​ឲ្យស្លាប់ ដំបូង​រុញ​អ្នក​នៅក្នុង​ប្រទេស​ឲ្យ​ងាប់ បន្ទាប់​ទៅ​រុញ​ពលករ​ពី​ប្រទេស​ថៃ ឲ្យ​ឆ្លងកាត់​ទល់ដែន​ឲ្យ​នាំ​វា​ចូល​ស្រុក ហើយ​វា​នៅ​ខាងក្រោយ​រុញ​គេ បានសេចក្តីថា អានេះ​ប្រុង​ប្រើ​ញើស​ឈាម​ប្រជាពលរដ្ឋ ដើម្បី​នឹង​បម្រើ​ម​មហិច្ឆតា​អំណាច​របស់​វា គិត​ទៅ​វា​ខូច​មែន ខូច​នៅតែ​ខូច បោក​នៅតែ​បោក ភូត​នៅតែ​ភូត​”​។

ចំពោះ​ការ​ជំរុញ​ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ ក្នុង​សំណុំរឿង​រដ្ឋប្រហារ​៩ វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ចាប់​ផ្តើម​អនុវត្ត​មុនគេ​នៅ​ខេត្តកំពត ហើយ​ការធ្វើការ ដើម្បី​ដោះលែង​នៅក្រៅ​ឃុំ​នេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ​តែ​ម្តង ដើម្បី​ជំរុញ​ឲ្យ​សម្តី​នាយករដ្ឋមន្ត្រី​មាន​ប្រសិទ្ធភាព​។ សម្តេច​បាន​បញ្ជាក់ដែរថា ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ អនុវត្ត​តែ​ចំពោះ​សំណុំ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ថ្ងៃ​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុណ្ណោះ ចំណែក​រឿង​បទល្មើស​ផ្សេងៗ ដូច​គ្រឿងញៀន ឬ​រំលោភ​ព​សេពសន្ថវៈ គឺ​មិនអាច​ដោះលែង​ទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114