BREAKING NEWS
Search

ក្រសួងសាធារណការ ឆ្លើយតប​ទៅនឹង​បណ្តាញផ្សព្វផ្សាយមួយចំនួន​ ទាក់ទងការចូល​ចតនាវាទេសចរណ៍ COSTA FORTUNA

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឆ្លើយតបទៅនឹងការបណ្តាញផ្សព្វផ្សាយ​មួយ​ចំនួន​ ក្នុងន័យ​រិះគន់ ទាក់ទងនឹងការចូល​ចតនាវាទេសចរណ៍ COSTA FORTUNA កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ម្សិលមិញ​នេះ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ប្រភពដដែល​ឱ្យ​ដឹង​ថា នាវាទេសចរណ៍ COSTA FORTUNA ផ្ទុកអ្នកដំណើរ ២ ១០១នាក់ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាការចេញ-ចូលជាប្រក្រតី អនុលោមតាម លិខិតអនុញ្ញាតចេញចូលនាវា (Entry Permit) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការអនុវត្តតាមកាលវិភាគធ្វើដំណើររបស់ខ្លួន

នាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវាCOSTA FORTUNA សញ្ជាតិអ៊ីតាលីមួយគ្រឿង ផ្ទុកអ្នកដំណើរ ២ ១០១នាក់ មានលេខសម្គាល់៩២៣៩៧៨៣ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដើម្បីធានាបញ្ចៀសនូវការភាន់ច្រឡំ ដោយប្រការណាមួយ អំពីការចុះផ្សាយ និងមតិសាធារណជន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនថា៖ ការចូលចតនាវានេះត្រូវបានធ្វើតាមទម្លាប់ធម្មតា និងមានការអនុញ្ញាតជាផ្លូវការ ពីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលិខិតលេខ. ២២៤ សក.ដជទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ក្នុងចំណោមអ្នកដំណើរសរុបមានចំនួន ១ ១០៩នាក់ បានចុះនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណង ដើរទេសចរណ៍ក្នុងបំបន់ឆ្នេរកម្ពុជា និងក្នុងគោលបំណងផ្សេងៗ។ មុនពេលចាកចេញពីនាវា ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យសុខភាព និងវាស់កម្តៅបានយ៉ាងហ្មត់ចត់ត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពពីការចម្លងជម្ងឺកូរ៉ូណាថ្មី COVID-19 មកកាន់មនុស្សក្នុងតំបន់។ នាល្ងាចនេះដែរ អ្នកដំណើរនឹងឡើងលើនាវាវិញ ជាមួយនឹងការពិនិត្យសុខភាពជាថ្មី មុននឹងចេញដំណើរទៅប្រទេសគោលដៅបន្ទាប់ តាមកាលវិភាគដូចបានជូនភ្ជាប់។

សូមជម្រាបជូនថា នៅក្នុងកាលវិភាគធ្វើដំណើរ នាវានេះបានចេញដំណើរ មកពីប្រទេសសឹង្ហបុរី ហើយបានចូលមកកម្ពុជាកាលពីថ្ងៃទី០២ កុម្ភៈ រួចបន្តដំណើរទៅប្រទេសមួយចំនួនរួមមានសឹង្ហបុរី ម៉ាឡេស៊ី និង ថៃ។ ថ្មីៗនេះ នាវា COSTA FORTUNA បានចាកចេញពីកំពង់ផែ ឡាំចាបាំងប្រទេសថៃ មកកម្ពុជាវិញ នាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ មុនពេលចេញដំណើរ នៅម៉ោង៦ ល្ងាចនាថ្ងៃដដែលនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីវិញ។