ក្រសួងសុខាភិបាល​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ទៅ​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​ចុងក្រោយ

ភ្នំពេញ ​៖ ​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ក្រសួង​បា​នប​ញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ទៅ​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ ​ចុងក្រោយ​ដែល​មាននៅ​ខេត្តបន្ទាយមានជ័យ​និង​ម្នាក់ទៀត​នៅ​ខេត្តកំពង់ឆ្នាំង​។

ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី​ជំងឺ​កូ​វីដ​១៩ ​នៅ​ទីស្តីការក្រសួង​កាលពី​ព្រឹក​ថ្ងៃទី​៤​ ខែឧសភា ឆ្នាំ២០២០ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​«​ថ្ងៃនេះ​ក្រសួង​បា​នប​ញ្ជូន លោក​សាស្ត្រាចារ្យ​អេង​ហួត​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ទៅ​ជួយ​មើល​ករណី​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​។

ចំណែក​អ្នកជំងឺ​ម្នាក់ទៀត​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ឲ្យ​ទាក់ទង​លោក​សាស្ត្រាចារ្យ ងី​ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទាក់ទិន​នឹង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​បាន​ឆាប់​ជាសះស្បើយ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ការដែល​អ្នកជំងឺ​២​នាក់​ទៀត​នៅ​មិនទាន់​ជាសះស្បើយ​នេះ​គឺ​ដោយសារ ​មាន​អ្នកជំងឺ​ខ្លះ​ក្រៅពី​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ហើយ​នៅ​មាន​រួមផ្សំ​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ​ទឹកនោមផ្អែម​ជាដើម​ដែល​ទាមទារ​នូវ​ពេលវេលា​យូរ​ក្នុងការ​ព្យាបាល។

លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង​ បាន​បន្ថែម​ថា ​«​ប្រ​បើសិន​បើ​ក្រុម​ជំនាញ​ពិគ្រោះគ្នា​ទៅ​ថា​អាច​ព្យាបាល​នៅ​ខេត្ត​បាន​ក្រសួង​នឹង​ទុក​ព្យាបាល​តែបើ​មិនអាច​ទេ​ក្រសួង​អា​ចប​ញ្ជូន​ពួកគាត់​យក​មក​ព្យាបាល​នៅ​ភ្នំពេញ​វិញ​ព្រោះថា ​គ្រូពេទ្យ​នៅ​ភ្នំពេញ​អាច​មាន​បទពិសោធន៍​និង​ឯកទេស​ច្រើនជាង​គ្រូពេទ្យ​នៅតាម​ខេត្ត​»។

​យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​គ្រូពេទ្យ​យើង​ទាំង​នៅ​ភ្នំពេញ​និង​គ្រូពេទ្យ​នៅ​ខេត្ត​ធ្វើការ​ពិគ្រោះគ្នា​និង​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​ធ្វើ​យ៉ាង​ជួយ​ព្យាបាល​អ្នកជំងឺ​ទាំងពីរ​នាក់​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ហើយ​លោក​នឹង​បន្ត​តាមដាន​ពី​ស្ថានភាព​សុខភាព​របស់​ពួកគាត់​គ្រប់ពេលវេលា។

ចំណែក​លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​អ្នកជំងឺ​កូ​វីដ​ទាំងពីរ​នាក់​ខាងលើ​ មាន​សុខភាព​ល្អ​ប្រសើរ​ទេ​ដោយ​មិន​មាន​អ្វី​គួរ​ឲ្យ​គត់​សំគាល់​នៅឡើយ​ទេ​ ក្នុង​នោះ​អ្នកជំងឺ​ម្នាក់​ជា​ស្ត្រី​មាន​អាយុ​៣៦​ឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​តេស្ត​ជាង​១០​ដង​នៅតែ​វិជ្ជមាន​កូ​វីដ​១៩​ដដែល​ តែ​ត្រូវ​បន្ត​តាមដាន​ព្យាបាល​បន្តទៀត។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា ​ចំណែក​អ្នកជំងឺ​ម្នាក់ទៀត​នៅ​ខេត្តកំពង់ឆ្នាំង​គឺជា​បុរស​អាយុ​៧៥​ឆ្នាំ​ជា​ករណី​ទាក់ទង​មកពី​ប្រទេស​ម៉ាឡេស៊ី​យើង​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ទេ​ដោយសារ​គាត់​នៅមាន​វិជ្ជមាន​កូ​វីដ​១៩​នៅឡើយ។

បើ​តាម​ លោកលី ​សូ​វ៉ាន់ ​អ្នកជំងឺ​ទាំងពីរ​នាក់​នេះ​គឺ​ស្ថិតនៅ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​ដែល​កម្ពុជា​បាន​រកឃើញ​ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១២០​នាក់​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114