ក្រសួងសុខាភិបាល​ប្រជាពលរដ្ឋ​ បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ខណៈ​រកឃើញ​១​ករណី​ថ្មី

ភ្នំពេញ ​៖ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​ខណៈ​រកឃើញ​១​ករណី​ថ្មី​ទៀត​ដែល​នាំចូល​មកពី​ប្រទេស​ហ្វីលីពីន​។

​យោង​តាម​ផេ​ក​ហ្វេ​ប៊ុ​ក​របស់ខ្លួន​ បង្ហោះ​កាលពី​ថ្ងៃទី​២២​ ខែឧសភា ​ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​លើ​ឡើង​ថា​ « យើង​រក​ឃើញ​ករណី​កូ​វីដ​-១៩ ម្នាក់​ថ្មី​ទៀត គាត់​ជា​ជនជាតិ​ខ្មែរ ធ្វើដំណើរ​ពី​ប្រទេស​ហ្វីលីពីន ឆ្លងកាត់​កូរ៉េខាងត្បូង វិល​ត្រឡប់​មក​ប្រទេស​យើង​នៅ​យប់​ថ្ងៃទី​២១ ឧសភា ២០២០។

ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំ​បាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ »​។

នាយកដ្ឋាន​ជំនាញ​ដដែល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ល​។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ចេញ​ផ្សាយ​ កាលពី​យប់​ថ្ងៃទី​២១​ ខែឧសភា​បាន​ឲ្យ​ដឹងថា​ ក្រសួងសុខាភិបាល បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ១​ករណី​ទៀត​កើត​ឡើងលើ​បុរស​ម្នាក់ អាយុ​២៦​ឆ្នាំ ដែលមាន​ទីលំនៅ នៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត​ដែល​បានធ្វើ​ដំណើរ​ក្នុង​ចំ​ណោម​អ្នកដំណើរ​ទាំង​៦៣​នាក់​(​ស្រី​១៤​នាក់​) ដែល​មាន​ជនជាតិ​កូរ៉េ​២៣​នាក់ (​ស្រី​៣​នាក់​) ខ្មែរ​៣៤​នាក់ (​ស្រី​១០​នាក់​) ប៊ែ​ល​ហ្សិ​ក​ម្នាក់ ចិន​(​តៃវ៉ាន់​)ម្នាក់ ជប៉ុន​៣​នាក់​(​ស្រី​ម្នាក់​) បុរស​ហូ​ឡង់​ម្នាក់​ដែល​បានធ្វើ​ដំណើរ​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន មកកាន់​ប្រទេស​កម្ពុជា ដោយ​បន្ត​ជើងហោះហើរ​ពីសារ​ធារ​ណ​រដ្ឋ​កូរ៉េ មក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លង​ទៅ​នេះ។

ពេលមកដល់​កម្ពុជា​អ្នកដំណើរ​ទាំងអស់​ត្រូវ​បានធ្វើការ​ត្រួតពិនិត្យ​សុខភាព​ដោយ​ក្រុមគ្រូពេទ្យ​និង​បាន​ដាក់​ឲ្យ​រង់ចាំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅពេល​មកដល់​រាជធានី​ភ្នំពេញ​ភ្លាម ហើយ​បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​វិភាគ​ទាំងអស់ ដែលជា​លទ្ធផល​បង្ហាញ​ថា មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​លើ​បុរស​ជនជាតិខ្មែរ​ម្នាក់​ខាងលើនេះ​តែម្តង​។

បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​ទី​១២៣​នេះ ​ត្រូវ​បាន​ក្រសួងសុខាភិបាល​ប​ញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114