ក្រសួងសុខាភិបាល ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ពិធី​សាសនា​នានា​នៅផ្ទះ​ដើម្បី​កាត់បន្ថយ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ ៖​ ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​បន់ស្រន់​ឬ​ធ្វើ​ពិធី​សាសនា​នានា​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ជៀសវាង​ការ​ជួបជុំ​មាន​គ្នាច្រើន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩​ខណៈ​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​ផុយស្រួយ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅឡើយ​។

តាមរយៈ​សារ​អប់រំ​ដែល​បាន​ផ្សព្វផ្សាយ​នៅតាម​ផេ​ក​ហ្វេ​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៦​ឧសភា​ត្រូវជា​ថ្ងៃ​នៃ​ពិធីបុណ្យ​វិសាខបូជា​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ធានា​ការ​រក្សា​គម្លាត​ប្រកបដោយ​សុ​វត្ថិភាព​រវាង​អ្នកចូលរួម​យ៉ាង​ហោច​ណាស់​១​ម៉ែត្រ​កន្លះ​រួម​ទាំង​កន្លែង​អង្គុយ​ឬ​ឈរ នៅ​គ្រប់​សេវាកម្ម​សាសនា​ទាំងអស់​។ ព្រោះថា ទំហំ​ការ​ប្រមូលផ្តុំ​ជួបជុំ​នេះ​ គឺជា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ ដូចនេះ​សូម​ប្រារព្ធ ​និង ​បន់ស្រន់​ពិធី​សាសនា​នានា​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ​ជាមួយ​សមាជិកគ្រួសារ​រ​បស់​លោកអ្នក​ជំនួស​វិញ​។

រហូតដល់​ម៉ោង ៧និង២០​នាទី​ព្រឹក ថ្ងៃទី៦ ឧសភា ២០២០ ក្រសួងសុខាភិបាល​ពុំ​រក​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ​ គឺ​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិន​មាន​ករណី​ជាសះស្បើយ​ថ្មី​ដែរ​ គឺ​មាន​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ។

បើ​តាម​ក្រសួងសុខាភិបាល​ទោះបីជា ពិតមែនតែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏ដោយ​ក្រសួង​សូម​ឲ្យ​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី ២៧ ខែមករា ២០២០​ហើយ​រហូតមកដល់​ថ្ងៃទី​ព្រឹក​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​ក្រសួង​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ចំនួន​១២៦១១​នាក់​ស្មើនឹង​៧៧៦​ក្នុងចំណោម​ប្រជាជន​១​លាន​នាក់​៕
សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114