ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​ជំងឺផ្តាសាយបក្សី​ នៅក្នុង​ពិធី​បុណ្យ​អុំទូក​

ភ្នំពេញ ៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​នៃ​ក្រសួងសុខាភិបាល ​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺ​ផ្តាសាយបក្សី​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​ និង​ អកអំបុក​ ដែល​នឹង​ឈាន​ចូល​មកដល់​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​
​ ​
ការអំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​នេះ​ ដោយសារតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តែង​តែ​មានការ​ធ្វើ​ចរាចរណ៍​សត្វ​បក្សី​ពី​តាម​បណ្តា រាជធានី​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​ចូលមកក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ ដែល​ចូលមក​ទស្សនាការ​ប្រណាំង​ទូក ​និង​ដើរ​កម្សាន្ត​មើល​ការ​ប្រគំ​តន្ត្រី​ ឬ​តាំង​ពិព័រណ៍​នូវ​ផលិតផល ​និង​បរិភោគ​ចំណីអាហារ​ផ្សេងៗ ​ពិសេស​កីឡាករ​ទូក​រាប់​ម៉ឺន​នាក់​ដែល​ចូលរួម​ប្រណាំង​។​

យោងតាម​ទំព័រ​ហ្វេ​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹងថា ​«​បុណ្យអុំទូក​នឹង​ឈាន​មក​ដល់​ឆាប់ៗ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ការ​ចំលង​ជំងឺ​ផ្ដាសាយ​បក្សី។ ​សូម​កុំ​យក ​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោច​រោម និង ចម្អិន​ជាប់​ជានិច្ច »​។

សូម​រំលឹកថា ​នៅ​ប្រទេស​កម្ពុជា​ជំងឺផ្តាសាយបក្សី បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ដែល​ក្នុងនោះ​៣៧​ករណី​បាន​ស្លាប់។ ដោយឡែក​ គ្រាន់តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន​២៦​ករណី ដែល​ក្នុងនោះ​មាន​១៤​ករណី​បាន​ស្លាប់ និង ក្នុង​ដើមឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់។ ​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ ​នៅ​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ។​

ចំពោះ​រោគសញ្ញា​ នៃ​ជំងឺ​នេះ​វិញ​ បុគ្គល​ដែលមាន​រោគសញ្ញា​គ្រុនក្ដៅ លើស​ពី​៣៨.៥​អង្សា​សេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដកដង្ហើម ហត់ និង ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំលុងពេល៧​ថ្ងៃមុន​ចេញ​រោគសញ្ញា ចាត់ទុកថា​ជា​ករណី​សង្ស័យ ត្រូវ​បញ្ជូន​អ្នកជំងឺ ទៅ​មណ្ឌល​សុខ​ភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល។​

ក្នុង​ករណី​មានការ​សង្ស័យ​ចំពោះ​ជំងឺ​ផ្តាសាយ​បក្សី​ ត្រូវ​ប្រញាប់​ទាក់ទង​ទូរស័ព្ទ​ទាន់​ហេតុការណ៍ របស់​ក្រសួងសុខាភិបាល​លេខ ១១៥។

ពាក់ព័ន្ធ​នឹង​ជំងឺផ្តាសាយបក្សី​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ រាល់ពេល​ក្អក កណ្ដាស់ ឬ​ក្រោយ​ពេល​ជូត​សំបោរ មុននឹង​ប៉ះ​ជាមួយ​អ្នកដទៃ​។ មិនត្រូវ​ប៉ះពាល់ ឬ​យក​ មាន់ ទា បក្សី​ងាប់ ឈឺ មក​ធ្វើ​អាហារ​ ឬ​លក់​បន្ត​ទៀត​ឡើយ​។ ប្រសិន​ចាំបាច់ ​ត្រូវ​ចំអិន​ម្ហូប​អាហារ​ឲ្យ​បាន​ឆ្អិន​មុននឹង​ទទួលទាន​។ ដុត​ ឬ​កប់​ចោល​ចំពោះ​បក្សី​ដែល​ងាប់​ ឬ​ងាប់ ពេល​កាន់​បក្សី​មាន់​ ទា ត្រូវ​ប្រើ​ស្រោមអនាម័យ និង​ត្រូវ​ចាប់​បក្សី​ដែល​ឈឺ​ដាក់​ទ្រុង​ដោយឡែក​ពី​បក្សី​។​

លោក​សាស្ត្រាចារ្យ​ ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​បានដឹង ឬ​ក្រុមគ្រួសារ​ដែល​សង្ស័យថា​ កើត​ជំងឺផ្តាសាយបក្សី ​ត្រូវ​រាយការណ៍​ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ហើយ​មិន​ត្រូវ​ប៉ះ​ពាល់​អ្នក​សង្ស័យថា​កើតមាន​ជំងឺ​ រហូតដល់​ពេទ្យ​បញ្ជាក់​ថា មិនកើត​ជំងឺ​ផ្តាសាយបក្សី​H5N1​។​

គួរ​បញ្ជាក់​ថា ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប សំពះ​ព្រះ​ខែ ​និង ​អកអំបុក​នៅ​ឆ្នាំនេះ ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​១០,១១ ​និង​១២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ខាងមុខនេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114