ក្រសួង​ការងារ​និង​អង្គការ​ILO រួមគ្នា​ប្រារព្ធ​ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​សៀមរាប​

សៀមរាប ​៖ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រួម​នឹង​ភាគី​ពាក់ព័ន្ធ បាន​ស្ម័គ្រចិត្ត​ចូលរួម​រត់​ពាក់​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​២៤ នៅ​សៀមរាប​-​អង្គរ​ដោយមាន​កីឡាករ​ចូលរួម​ប្រមាណ​ជាង ១២,០០០​នាក់​។

​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ ILO និង​ខួប​៥០​ឆ្នាំ​នៃ​សមាជិកភាព​កម្ពុជា​នៅ​អង្គការ ILO​។ ជាក់ស្តែង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផុ្ត​ល់​នូវ​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ចូលរួម​ប្រារព្ធ​កម្មវិធី​អបអរសាទរ​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។

ក្រៅ​ពី​នេះ​ព្រឹត្តិការណ៍​នេះ​ក៏​បង្ហាញ​ដល់​សាធារណជន​​ ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​អំពី​អាណត្តិ និង​ការងារ​របស់​អង្គការ ILO នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សមិទ្ធផល​នានា​ក្នុង​វិស័យ​ការងារ​ដែល​កម្ពុជា​សម្រេច​បាន​ក្រោយពី​បាន​ក្លាយ​ជា​សមាជិក​រប​ស់​អង្គការ ILO នា​រយៈពេល​៥០​ឆ្នាំ​កន្លង​មក​។ បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ភាគី​កម្មករ​និយោជិត និយោជក និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការ​ផ្លាស់ប្តូរ​យោបល់ ដើម្បី​បង្កើន​យុត្តិធម៌​សង្គម និង​លើកកម្ពស់​ការងារ​សម​រម្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

សូម​រំលឹក​ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ ILO នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៦៩ ស្រប​ពេលដែល​អង្គការ ILO បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​គិត​មកដល់​ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈពេល​៥០​ឆ្នាំ​ហើយ​។

រយៈពេល​៥០​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ ILO និង​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​រាប់មិនអស់ រួមមាន​ទាំង​សមិទ្ធផល​ធំ​ៗ​ចំនួន​៣ ទី​១. គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​នា​នា​មាន​ដូច​ជា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា (DWCP) គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា គម្រោង Safe and Fair គម្រោង​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​ជាដើម​។

ទី​២. ផ្នែក​គោលនយោបាយ​មានដូចជា គោលនយោបាយ​ជាតិ​មុខរបរ​និង​ការងារ (NEP) ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​ជាតិ​ស្តីពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៦-២០២៥ គោលនយោបាយ​ស្តីពី ទេសន្តរប្រវេសក៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ផែនការមេ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ផែនការ​សកម្ម​ភាពជា​តិ​ស្តី​ពី ការ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ (២០០៨-២០១២) និង​ផែនការ​ជាតិ​ស្តីពី ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ (២០១៦-២០២៥)​។

ទី​៣. ផ្នែក​លិខិត​បទដ្ឋាន​គតិយុត្តិ រួមមាន ច្បាប់​ស្តីពី​ការងារ ឆ្នាំ​១៩៩៧ ច្បាប់​ស្តីពី​សហជីព ឆ្នាំ​២០១៦ ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៨ ពិសេស​កម្ពុជា​ទើប​ដាក់​ឲ្យ​ប្រើ​នូវ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ឆ្នាំ​២០១៩ ដែល​ជា​ការចូលរួម​កា​ន់​តែ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ ក៏ដូចជា​ការធានារ៉ាប់រង​នៅពេល​ឈឺ​ថ្កាត់ គ្រោះថ្នាក់​ការងារ និង​ពេល​ចូល​និវត្ត​ផងដែរ​។

សមិទ្ធផល​ទាំងនេះ បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ហើយ​កម្ពុជា​ក៏បាន​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ទាំងនេះ ដល់​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផងដែរ​។

គួរ​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ចូលរួម​ក្នុង​កម្មវិធី​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ដែល​លើក​ទី​១​បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​អ្នកចូលរួម​រត់​ប្រមាណ ១,០០០​នាក់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114