ក្រសួង​ការងារ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​ លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​
BREAKING NEWS
Search

ក្រសួង​ការងារ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​ លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ និង កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ការងារ ​ដល់​កម្មករ​លើ​វិស័យនេះ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​។

​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ល្ងាច​ថ្ងៃទី​២៦​ មេសា ​នៅ​ទីស្ដីការ​ក្រសួង ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​អ្នកសម្របសម្រួល​កម្មវិធី​អង្គការ​អន្តរជាតិ​ ខាង​ការងារ អាយ​ឡូ ជប៉ុន នៃ​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំណាង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ការផ្សព្វផ្សាយ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា នេះ​ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វិស័យ​សំណង់​ត្រូវបាន​ចាត់ទុកជា​វិស័យ​មួយ​ ដែលមាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ជា​សក្ដានុពល​ធំ​មួយ​ សម្រាប់​សេដ្ឋកិច្ចជាតិ និង​បាន​ស្រូប​ទាញ​នូវ​ការវិនិយោគ ទាំង​ក្នុង​ និង​ក្រៅប្រទេស ពិសេស​កម្លាំង​ពលកម្ម​ បម្រើ​លើ​វិស័យនេះ​កាន់តែ​ច្រើនឡើងៗ ដែល​ទាមទារ​ឲ្យមាន​ការគិតគូរ ​ទៅលើ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ និយោជិក លើ​ផ្នែកអនាម័យ សន្តិសុខ និង​សុវត្ថិភាព​ការងារ។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្តថា​ វិស័យ​សំណង់​នេះ​មានការ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់ ​ដោយ​កម្មករ​ត្រូវ​ធ្វើការ​នៅតាម​អគារ​ខ្ពស់ៗ​ និង​មានការ​លើកដាក់​អីវ៉ាន់​ធ្ងន់ៗ​ ហើយ កន្លងមក​មានកម្ម​ក​រ​មួយចំនួន​រងរបួស​ ហើយ​ខ្លះទៀត​មាន​គ្រោះថ្នាក់​រហូតដល់​អាយុជីវិត​ ដោយសារតែ​ធ្លាក់​ពីលើ​អគារ​ និង​សំណង់​ផ្សេងៗ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​ដូចនេះ​ការប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​ នេះ​នឹង​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ផ្នែក​សំណង់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទុកជាមុន​ ហើយ​អនុវត្ត​ទៅតាម​ពាក្យស្លោក​ដែល​ដាក់​តាម​ការដ្ឋាន​សំណង់​នានា​ថា​«​សុ​វត្តិភាព​ជា​ចម្បង​»​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​« ​អញ្ចឹង​យើង​ចង់​ឲ្យ​ពាក្យស្លោក​ហ្នឹង​ទៅជា​ការជាក់ស្តែង ​ហើយ​ប្រសិនបើ​មិនបាន​អនុវត្តតាម​ហ្នឹង​ទេ ​ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដល់​សហគ្រាស​ណា ​ដែល​មិនបាន​គោរព​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​ ដើម្បី​ការពារ​សុ​វត្ថិភាព​ដល់​បងប្អូន​ក​ម្មករ​យើង​»។

​ជាមួយគ្នានេះដែរ​ លោករដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ថា ក្រសួង នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ក៏ដូចជា​គោលនយោបាយ​ផ្សេងៗ​ទៀត​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ការងារក្នុង​វិស័យ​សំណង់ ក្នុងការ​ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យនេះ​។

​ចំណែក​លោក Yasuo Ariga អ្នកសម្របសម្រួល​កម្ម​វិធី​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយ​ឡូ ជប៉ុន នៃ​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ បាន​មានប្រសាសន៍ថា​ថ្មីៗ​នេះ​ យើង​បានធ្វើការ​ពិភាក្សា ជាមួយ​រដ្ឋាភិបាល ដៃគូ​អ្នកជំនាញ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ​ជា​ច្រើ​នៅ​កម្ពុជា ពី​លក្ខខណ្ឌ​ការងារ​ស្របតាម​ស្តង់ដារ​ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ​។

ដោយ​មើលឃើញ​យ៉ាង​ដូចនេះ ទើប​លោក​រដ្ឋមន្ត្រី បាន​ផ្ដួច​ផ្តើមគំនិត និង​បានស្នើ​ទៅ​អង្គការ ILO ផ្តល់​ការគាំទ្រ​បច្ចេកទេស​លើ​វិស័យ​គាំពារ​សុខភាព និង​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​នេះ​។ ដូច្នេះ​រដ្ឋាភិបាល​ជប៉ុន ​និង​អង្គការ ILO បានសម្រេច​ចិត្ត​អនុវត្ត​គម្រោង​នេះ​ជា​លើក​ទី​២ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ស្តង់ដារ​ក្នុង​វិស័យ​សំណង់​។

​លោក​មានជំនឿថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ មាន​គោលដៅ​រួម​ដូចគ្នា ដើម្បី​ភាពជោគជ័យ​លើ​គម្រោង និង​ការកែលម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យសំណង់​នៅ​កម្ពុជា​ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114