BREAKING NEWS
Search

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការសិក្សា​ឡើងវិញ

ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការ​ការពារ​សា​រណា​របស់​សិស្ស​និស្សិត​ឡើងវិញ​បន្ទាប់ពី​វិទ្យាស្ថាន​នេះ​បាន​គោរព​ទៅតាម​គោលការណ៍​ណែនាំ​ របស់​ក្រសួងសុខាភិបាល​និង​ក្រសួង​រួចមក​។

នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ដំណើរ​ធ្វើ​សារ​ណា​ដើម្បី​ប្រឡង​បញ្ចប់​ការសិក្សា​របស់​និស្សិត​កម្រិត​បរិញ្ញា​ផ្នែក​វិស្វករ​នៅ​ព្រឹក ​ថ្ងៃទី​១៣ ខែ​សីហា​នេះ ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស លោក​បណ្ឌិត ពេ​ជ សោភ័ន​រដ្ឋ​លេខា​ប្រចាំការ ​នៃក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​រៀបចំ​ដំណើរការ​ប្រឡង​ដូចជា​តម្រូវ​ឲ្យ​និស្សិត​និង​គណៈមេប្រយោគ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាកុល​ឬ​ជែ​ល វាស់​កម្តៅ​មុន​ពេល​ចូល​បន្ទប់​ប្រឡង​និង​ក្នុង​ថ្នាក់​បេក្ខជន​រក្សា​គម្លាត​ពី​គ្នា​ដោយ​ក្នុង​១​បន្ទប់​មិន​ឲ្យ​លើសពី​១០​នាក់​។

លោក​បាន​បន្ត​ថា​ ការ​ប្រឡង​នេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​រោង​ជាង​បន្ទប់ពិសោធន៍​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​និង​ការ​ប្រឡង​បញ្ចប់​ការ​ការពារ​សារ​ណា​ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​ជីវៈ​ក្រោម​ឱវាទ​ក្រសួង​ព្រោះថា​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សំខាន់​គឺ​ទាមទារ​ឲ្យ​សិស្ស​និស្សិត​អនុវត្ត​ជាក់ស្តែង​នៅក្នុង​សាលា​តែម្តង​ដើម្បី​ឲ្យ​សិស្ស​និស្សិត​ចេញពី​សាលា​ទៅ​មាន​សមត្ថភាព​គុណភាព​ពេញលេញ​សម្រាប់​ស្វែងរក​ការងារ​បាន​។

លោក​បាន​បន្ថែមថា ​«​រៀន​ទ្រឹស្តី​សិស្ស​និស្សិត​អាច​រៀន​តាម​អន​ឡាញ​នៅផ្ទះ​បានតែ​ការអនុវត្ត​ជាក់ស្តែង​តម្រូវ​ឲ្យ​សិក្សា​និង​អនុវត្ត​ផ្ទាល់​នៅ​តាម​រោង​ជាង ​ឬ បន្ទប់​ស​ពិសោធន៍​តែម្តង​។ ​តែ​ត្រូវ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ការណែនាំ​របស់​ក្រសួង​ផងដែរ​»​។

លោក​រដ្ឋ​លេខា​ប្រចាំការ​រូប​នោះ​ បាន​អំពាវនាវ​ដល់​មន្ត្រី​រាជកា​រ​សាស្ត្រា​និង​សិស្ស​និស្សិត​របស់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ទាំង​នៅផ្ទះ​នៅ​សាលា​ក៏ដូចជា​នៅ​តាម​សហគមន៍​ដើម្បី​ជៀស​ផុត​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ។

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នៅ​រោង​ជាង​បន្ទប់ពិសោធន៍​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​និង​ការ​ប្រឡង​បញ្ចប់​ការ​ការពារ​សារ​ណា​ ឬ​ និក្ខេបបទ​បញ្ចប់​ការសិក្សា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​ជីវៈ​ក្រោម​ឱវាទ​ក្រសួង​បន្ទាប់ពី​បាន​សិក្សា​តាម​កម្មវិធីសិក្សា​ពី​ចម្ងាយ​ឬ​តាម​អន​ឡាញ​។

បើ​តាម​ក្រសួង​ការងារ​ការ​បើក​ឡើងវិញ​នេះ​គ្រប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​និង​វិធានការ​នានា​របស់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩​និង​វិធានការ​ណែនាំ​របស់​ក្រសួង​មុននឹង​បើក​ដំណើរការ​ការងារ​ខាងលើ​។

ជា​មួយ​គ្នា​នេះ​ដែរ ​មុននឹង​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ត្រូវ​ជូន​ដំ​ណឹង​មក​ក្រសួង​ជា​មុនសិន​ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​មុននឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​។ ក្នុងករណី​គ្រឹះស្ថាន​ណាមួយ​មិនបាន​អនុវត្ត​តាម​ការណែនាំ​ខាងលើ​ទេ​នោះ​ក្រសួង​នឹង​ផ្អាក​សកម្មភាព​របស់​គ្រឹះស្ថាន​នោះ​តែម្តង​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114