BREAKING NEWS
Search

ក្រសួង​ធនធាន​ទឹក ​ពិនិត្យរក​លទ្ធភាពទាញ​ទឹក​​ស្ទឹង​មង្គល​បូរី​​ទៅ​ប្រើប្រាស់ ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចាត់តាំង​រដ្ឋលេខាធិការ​របស់​ក្រសួង​ចំនួន​ពីររូប គឺ លោក ប៊ុន ហាន និង​លោក ចាន់ យុ​ត្ថា ឲ្យ​ដឹកនាំ​ក្រុម​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​ដល់​ទី​តាំង ដើម្បី​រក​លទ្ធភាព សាងសង់​សំណង់​កាត់​ស្ទឹង​មង្គល​បូរី ដើម្បី​ទាញ​ទឹក​ទៅ​បម្រើ​ឲ្យ​ការ​ធ្វើ​កសិកម្ម និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

ការ​ចុះ​ពិនិត្យ នេះ​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ចន្ទ​១៨ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ទីតាំង​ជាក់​ស្តែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយមាន​ការចូលរួម​ពី​លោក ហឿន សុគន្ធ អភិបាលរង​ខេត្ត​បាត់ដំបង លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត និង​មន្ត្រី​ ដែល​ជា​អាជ្ញាធរ​ស្រុក ឃុំ មួយ​ចំនួន​ទៀត។​

តប​តាម​សំណើរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបាត់ដំបង ដែល​បាន​ស្នើ​ឲ្យ រដ្ឋមន្ត្រី ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ រក ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សាងសង់​សំណង់​កាត់​ស្ទឹង​មង្គល​បូរី ចំនួន​មួយ​កន្លែង​បន្ថែម​ទៀត នៅ​តំបន់​ក្បាល​ស្ទឹង​មង្គល​បូរី ត្រង់​ចំណុច​ប្រសព្វ​រវាង​ស្ទឹង​ម្ចាស់​កល្ប និង​ស្ទឹង​កុយ។ ក្រោយពី​មានការ​សិក្សា សំណង់​ខាង​លើ​នេះ ជា​ប្រយោជន៍​ដើម្បី​ទាញ​ទឹក​ទៅ​បម្រើ​ឲ្យ​ការ​ធ្វើ​កសិកម្ម និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។​

​សូម​បញ្ជាក់​ជូន​ថា ក្នុង​ពេល​កន្លងមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​សាងសង់​សំណង់​កាត់​ស្ទឹង និង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​នៅ​លើ​ដងស្ទឹង​មង្គលបុរី ចំនួន ០៥ ទីតាំង​រួចមកហើយ ក្នុង​នោះ​មាន ប្រព័ន្ធ​តា​ហែ​ន ប្រព័ន្ធ​ប​វេ​ល ប្រព័ន្ធ​ព្រៃ​ខ្ពស់ ប្រព័ន្ធ​ពោធិ៍​ពីរ​ដើម និង​ប្រព័ន្ធ​សិរី​មង្គល ដែល​បាន​ទាញ​យក​ទឹក​ពី​ស្ទឹង​មង្គលបុរី ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​ប្រមាណ ២០ ម៉ឺន ហិកតា នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ៕
អត្ថបទ៖ ឌួង​វិ​រះ​ជ័យ​

សូមចុចអាន៖ កែលំអ​ប្រព័ន្ធ​ធារាសាស្ត្រ​វាល​ធំ​ អាច​​ស្រោចស្រព​ផ្ទៃដី​ស្រូវវស្សា​៥១០​ហិកតា​