ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ព័ត៌មាន​ ប្រារព្ធ​ពិធី​អកអំបុក ថែរក្សា​ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ក្រុមការងារ​យុវជន​ក្រសួង​ព័ត៌មាន បាន​ប្រារព្ធ​ពិធី​អកអំបុក ដើម្បី​ថែរក្សា​ជាតិ សាសនា ព្រះមហាក្សត្រ ដោយមាន​រៀបចំ អង្រែ ត្បាល់​ដាល់អំបុក ឆ្នាំង​លីង​អំបុក ចេក ដូងខ្ចី ស្ករស​ទៅតាម​ទំនៀមទម្លាប់​ប្រណី​ខ្មែរ។

ពិធី​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​លោកជំទាវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ​មកពី​អគ្គនាយកដ្ឋាន​ទាំង​៥​ចំណុះ​ក្រសួង​ព័ត៌មាន​យ៉ាងច្រើន។

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​អកអំបុក ក្រោម​ប្រធានបទ​អំបុក​ថែរក្សា​ជាតិ សាសនា ព្រះមហាក្សត្រ ទៅតាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​គឺជា​យុទ្ធនាការ​បញ្ចៀស​ការ​បំភ័ន្ត​បំភ្លៃ​ព័ត៌មាន​មិន​ពិត ពីព្រោះ​ចាប់ពី​ម្សិលមិញ​មក​មាន​ប្រជាជន​បានចាប់ផ្តើម​និយាយ​ពីមួយ​ទៅមួយ​ថា កុំ​ឲ្យ​មក​ភ្នំពេញ អាចមាន​រឿងរ៉ាវ​កើតមាន​ច្រើនណាស់ ជាមួយ​ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​ផងដែរ​មាន​បង្ហោះ​ព្រោងព្រាត​មាន​ទាំងពី ​បង្ហោះ​យន្តហោះ​អាមេរិកកាំង​ថែម​ទៀតថា មក​ទម្លាក់​គ្រាប់បែក​នៅ​ភ្នំពេញ​ទៀតផង ដែល​ការ​បង្ហោះ​ព័ត៌មាន​បំភ្លៃ​នេះ​អ្នក​ជឿ​ចេះតែ​ជឿ​ទៅ តែ​តាមពិត​វា​គ្មាន​រឿង​អី​កើតឡើង​នោះទេ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការដែល​យើង​ប្រារព្ធ​ពិធី​អកអំបុក​នៅ​ថ្ងៃទី​៨​វិច្ឆិកា​នេះ​អាស្រ័យ​ដោយសារ​ថា​ក្រុមការងារ​របស់​ក្រសួង​យើង​ជា​ក្រុម​មាន​ភារកិច្ច​ច្រើនណាស់​ដែល​ត្រូវ​ធ្វើជា​បន្តបន្ទាប់ ជាប់រវល់​រហូត​ចាប់ពី​ថ្ងៃស្អែក​ទៅ ដូចជា​យើង​ជាប់រវល់​បុណ្យ​ឯករាជ្យ បុណ្យ​ទិវា​កងទ័ព ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ និង​បុណ្យ​ពន្លត់ភ្លើង​ជ័យ​ជាដើម ដូច្នេះ​ទើប​ក្រសួង​សម្រេចយក​នៅថ្ងៃនេះ​ដើម្បី​ជួបជុំគ្នា​ប្រារព្ធ​ពិធី​អកអំបុក​ជាមុន ហើយ​ចាំ​យើង​ផ្សាយ​នៅ​ថ្ងៃស្អែក​។ ទន្ទឹមនេះដែរ​លោក​រដ្ឋ​មន្ត្រី​សូម​ជម្រាប​ថា យើង​មានការ​រីករាយ​ដោយ​សារបាន​សម្តេច​តេ​ជោ លើក​ជា​គំនិត​ដើម្បី​ឲ្យ​យើង​មានឱកាស​ជួបជុំគ្នា​រំលឹក​អំពី​ពិធី​អកអំបុក ដែលជា​ពិធី​បុណ្យប្រពៃណី​ជាតិ​របស់​យើង​។ លោក​រដ្ឋមន្ត្រី​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​ក្រុមយុវជន​ក្រសួង​ព័ត៌មាន ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មកពី​អគ្គនាយកដ្ឋាន​ទាំង​៥ ចំណុះ​ក្រសួង​ព័ត៌មាន ដែល​បាន​ខិតខំ​រៀបចំ​ពិធី​នេះ ដើម្បី​ជួបជុំគ្នា​រៀបចំ​ពិធី​អកអំបុក និង​មានការ​រាំ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នៅ​ទីធ្លា​មុខក្រសួង​ព័ត៌មាន​ផងដែរ​។​
​ផ្អែកលើ​ជំនឿ​តាមបែប​ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រារព្ធ​ពិធី​អកអំបុក​តៗ​គ្នា ដោយបាន​រៀបចំ​លំដាប់​គ្រឿង​សក្ការៈបូជា​ជាច្រើន​មុខ រួមជាមួយ​អំបុក ចេកទុំ ដូង ស្ករ​ត្នោត ឬ​ស្ករស​ និង​ផ្លែឈើ ថ្វាយ​ដល់​ព្រះ​ច័ន្ទ ឧទ្ទិស​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​រូប​រហូតដល់​ពេលបច្ចុប្បន្ន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114