ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ ចុះ​អនុស្សរណៈ​នៃ​ការ​យោល​យល់គ្នា​ស្ដីពី​ការរៀបចំ​ផលិត និង​ផ្សព្វ ផ្សាយ​កម្មវិធី​ការសិក្សា​ពី​ចម្ងាយ 

ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ យុវជន និង កីឡា ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោល​យល់​គ្នា​នា​ស្ដីពី​ការរៀបចំ​ផលិត និង​ផ្សព្វ ផ្សាយ​កម្មវិធី​ការ សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា និង App ក្រសួង​ព័ត៌មាន​។​

ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្តទៅ​រវាង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រ​សួ​ព័ត៌មាន និង លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោល បំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជា ណា ចក្រ​កម្ពុជា និង​ក្នុង​ស្មារតី​ធានា​សេវា​អប់រំ​ប្រកបដោយ​សមធម៌ ជាពិសេស​សិស្សានុសិស្ស​ នៅ​ជនបទ​អាច​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព ដូច​សិស្សានុសិស្ស​នៅ​ទីក្រុង​ផង​ដែរ​។ ជាង​នេះ​ទៀត​អនុស្សរណៈ​នៃ​ការ​យោល​យល់គ្នា ស្ដីពី​ការរៀបចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ មាន​គោលដៅ​គាំទ្រ​ការអប់រំ​ ដែល​មាន​គុណភាព ប្រកបដោយ​សមធម៌ បរិយាប័ន្ន និង​លើកកម្ពស់​ឱកាស​ក្នុង​កា​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំ​អស់​គ្នា ជាពិសេស​ការ​លើក​កម្ពស់​ការអប់រំ​ឌីជីថល ក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល និង​ក្នុង​គោលដៅ លើកកម្ពស់​ការ​ទទួល​បាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ និង​គុណភាព សម្រាប់​សិស្សានុសិស្ស​គ្រប់រូប​នៅ​គ្រប់​ភូមិ​សិក្សា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ដាក់​ឲ្យ​ឈប់សម្រាក​វិស្សមកាល​តូច​មុន​កាលកំណត់ ក៏ដូចជា​ដំណាក់កាល​ជា​បន្តបន្ទាប់​ទៀត​។

ជាមួយគ្នានេះ កម្មវិធី​នេះ ក៏​ធ្វើការ​ផ្សព្វផ្សាយ និង​ផ្ដល់​ជូន​សិស្សានុសិស្ស​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ទទួល​បាន​ការអប់រំ​ដោយ​វិធីសាស្ត្រ «​ការសិក្សា​ពី​ចម្ងាយ​» ប្រកបដោយ​ប្រសិទ្ធភាព និង​សក្ដិ​សិទ្ធិ​ភាព លើកកម្ពស់​ការរៀបចំ និង​អនុវត្តន៍​ប្រព័ន្ធ «​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​»​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯក​ឧត្ដម​បណ្ឌិសភាចារ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​វិស្សមកាល​មុន​កាលកំណត់​នៅ​ថ្ងៃ​ទី ១០ ខែ​មីនា​ឆ្នាំ​២០២០ មាន​សិស្ស​គ្រប់​កម្រិតសិក្សា​បាន​ចាប់​ផ្ដើម​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ក្រសួង​បាន​រៀប​ចំ ដែល​ក្នុង​នោះ​មាន​សិស្ស​ចំនួន​ជាង​២​សែន​នាក់ ប្រហែលជា​ជិត​២០​ភាគរយ ក្នុងចំណោម​សិស្ស​ទាំងអស់​ប្រមាណ​ជិត​៣​លាន​នាក់ បាន​ចុះឈ្មោះ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​៕

អត្ថបទ៖ ​សុង​យោ