ក្រសួង​មុខងារសាធារណៈ​ ណែនាំ​ស្ថាប័ន​អង្គភាព​ទាំងអស់​ ផ្អាក​ដំណើរការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ
BREAKING NEWS
Search

ក្រសួង​មុខងារសាធារណៈ​ ណែនាំ​ស្ថាប័ន​អង្គភាព​ទាំងអស់​ ផ្អាក​ដំណើរការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ

ភ្នំពេញ ​៖ ​ក្រសួង​មុខងារសាធារណៈ​បាន​ធ្វើ​ការណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មិនទាន់ បាន​រៀប​ចំ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ឆ្នាំ​២០២០ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​សិន​ដោយ​ត្រូវ​រង់ចាំ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​លិខិត​ស្ដីពី​ការ​ជ្រើសរើស​មន្ត្រី​រាជកា​រ​ស៊ីវិល​ និង ​ការអនុវត្ត​កម្មសិក្សា​សម្រាប់​ផែនការ​ក្របខណ្ឌ​ឆ្នាំ​២០២០​របស់​ក្រសួង​មុខងារសាធារណៈ​ដែល​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​២៥​ខែឧសភា​ឆ្នាំ​២០២០​បាន​ណែនាំ​ដល់​ស្ថាប័ន​អង្គភាព​ទាំងអស់​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អនុវត្តតាម​វិធានការ​មួយចំនួន​ដូច​ខាង​ក្រោម​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​របស់​រាជរដ្ឋាភិបាល​គឺ​ទី​១.​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មិនទាន់​បាន​រៀប​ចំ​ការប្រឡង​ជ្រើសរើស​​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ឆ្នាំ​២០២០ ​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​សិន​។​ទី ២. ក្រសួង​ស្ថាប័ន​ជាតិ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​កំពុង​ទទួល​ពាក្យសុំ​សិទ្ធិ​ប្រឡង​ហើយ​ឬ​បាន​បញ្ចប់​ការ​ទទួល​ពាក្យសុំ​សិទ្ធិ​ប្រឡង​សូម​រក្សា​សំណុំ​ឯកសារ​របស់​បេក្ខជន​សម្រាប់​ការប្រឡង​នៅពេល​មានការ​អនុញ្ញាត​ចេញ​ថ្មី​។

ទី​៣. ក្រសួង​ស្ថាប័ន​ដែល​បាន​ដំណើរ​ការប្រឡង​រួចហើយ​ប៉ុន្តែ​មិនទាន់​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ​ត្រូវ​រក្សា​ឯកសារ​និង​លទ្ធផល​ដែល​ទទួលបាន​ក្នុងពេល​កន្លងមក​ដើម្បី​បន្ត​នីតិវិធី​នៃ​ការប្រឡង​បញ្ចប់​នៅពេល​មានការ​អនុញ្ញាត​ពេល​ក្រោយ​។ ទី​៤. ក្រសួង​ស្ថាប័ន​ដែល​បាន​ប្រលង​បញ្ចប់​ស្ថាពរ​និង​ឬ​ទទួល​បាន​ទិដ្ឋាការ​ពី​ក្រសួង​មុខងារសាធារណៈ​ត្រូវ​រក្សា​លទ្ធផល​នេះ​ហើយ​ការអនុញ្ញាត​កម្មសិក្សា​ផ្លូវការ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ទេ​រហូតដល់​មានការ​អនុញ្ញាត​ថ្មី​ពី​រាជរដ្ឋាភិបាល​និង​ទី​៥. ចំពោះ​សិស្ស​មន្ត្រីជាន់ខ្ពស់​និង​សិស្ស​មន្ត្រី​ក្រមការ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​បាន​បែងចែក​ទៅ​បំពេញការងារ​តាម​ក្រសួង​ស្ថាប័ន​សរុប​ចំនួន​១៦៤​នាក់​ក្នុងនោះ​មាន​មន្ត្រីជាន់ខ្ពស់​ចំនួន​៦០​នាក់​និង​មន្ត្រី​ក្រមការ​ចំនួន​១០៤​នាក់​ត្រូវ​បន្តធ្វើ​កម្មសិក្សា​និង​ទទួល​បៀវត្ស​ជាធម្មតា​៕
សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114