BREAKING NEWS
Search

ក្រសួង​រ៉ែ​ណែនាំ​ដល់​អ្នក ​ដែល​មាន​បំណង​ចង់​បើក​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ​ ត្រូវ​សុំ​ច្បាប់​ ដើម្បី​ចៀសវាង​ការ​ផាកពិន័យ

​ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ណែនាំ​ដល់​អ្នក​ ដែល​មាន​បំណង​ចង់​បើក​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ​ ត្រូវ​មាន​លិខិតអនុញ្ញាត​និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព​ពី​ក្រសួង​រ៉ែ​និង​ថាម​ពល​ជា​មុន​សិន​មុននឹង​ចាប់​ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។

​​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ ស្តីពី​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ហានិភ័យ​ស្ថានីយ និង​សារាចរ​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយ​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ លោក ស៊ុយ ឌី​ម៉​ង់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​មានប្រសាសន៍ថា ​ក្នុង​ករណី​មិន​មាន​ការ​ស្មើ​សុំ​ពី​ក្រសួង​ទេ​នោះ​ ក្រសួង​នឹង​ធ្វើ​ការ​ផាកពិន័យ​ជា​ប្រាក់​ឬ​ផ្អាក​ការសាងសង់​ឬ​ឈាន​ដល់​មានទោស​ព្រហ្មទណ្ឌ​ចំពោះ​ម្ចាស់​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ​ទាំង​ឡាយ​ណា​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ លោក​បាន​លើកឡើង​ពី​គោលការណ៍​ច្បាប់​មក​បញ្ជាក់​ថា ​ប្រសិនបើ​ម្ចាស់​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ ណា​ដែល​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល ដល់ ១០​លាន​រៀល​និង​ផាក​ពិន័យ​៤​លាន​រៀល និង​ផ្អាក​សកម្មភាព​សាងសង់​នានា ប្រសិនបើ​ស្ថានីយ​នោះ​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិ​ភាព​ត្រឹមត្រូវ​ពី​ក្រសួង​ទេ​នោះ​។

​លោក បាន​បន្ថែម​ទៀត​ថា ​លើស​ពី​នេះ​ទៀត​ក្នុង​ករណី​ដែល​ម្ចាស់​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ទ្វេដង​ហើយ​បើ​សិន​មាន​បុគ្គល​ណាមួយ​ដែល​ធ្វើ​សកម្មភាព​រារាំង​ឬ​បង្ក​ឲ្យ​កា​រាំងស្ទះ​ដល់​ដំណើរការ​អធិការកិច្ច ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ខែ​ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ ៥០​លាន​រៀល​។ លោក​បាន​បញ្ជាក់​ទៀត​ថា ​ជាង​នេះ​ទៅ​ទៀត​បើ​អ្នករាជការ​សាធារណៈ​ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត​ ដែល​ធ្វើ​សកម្មភាព​រារាំង​ឬ​បង្ក​ឲ្យ​កា​រាំងស្ទះ​ដល់​ដំណើរការ​អធិការកិច្ច ត្រូវ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០០​លាន​រៀល ទៅ ២៥០​លាន​រៀល​។​

​គួរ​បញ្ជាក់​ថា ​មួយ​រយៈ​ចុងក្រោយ​នេះ ​ក្រសួង​រ៉ែ​និង​ថាមពល​តែងតែ​ចុះ​ផ្សព្វផ្សាយ​“​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្ដុះបណ្ដាល ស្តីពី ហានិភ័យ​ស្ថានីយ និង​សារាចរ​សុវត្ថិភាព ​សម្រាប់​ការរៀបចំ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​” ដល់​មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​បរិស្ថាន មន្ទីរ​សូរ​យោ​ដី​និង​នគរ​រូប​នី​កម្ម និង​អាជីវករ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ច្បាប់ អំពី​ហានិភ័យ​ដែល​អាច​កើតមានឡើង និង​អំពី​បែបបទ និង​នីតិវិធី​ក៏ដូចជា​បច្ចេកទេស​សុវត្ថិ​ភាព ​ក្នុង​ការ​គ្រប់គ្រង​និង​ប្រកប​អាជីវកម្ម​ដល់​ម្ចាស់​ស្ថានីយ អ្នក​សាងសង់​ស្ថានីយ និង​អ្នកធ្វើការ​ស្តុក​ទុក ផលិតផល​ប្រេងកាត​។ ​ជាង​នេះ​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​បច្ចេកទេស មន្ទីរ​រ៉ែ​និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​យល់​ពី​តួនាទី​ភារកិច្ច និង​នីតិវិធី​នានា​ដើម្បី​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ចុះ​ត្រួតពិនិត្យ​និង​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​តម្លាភាព ស្របតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា​ជា​ធរមាន​៕
អត្ថបទ៖ ​សំអឿន
សូមចុចអាន៖ អ្នក​វិនិយោគ​ចិន​ ចាប់ផ្ដើម​ចូល​មក​ខេត្ត​ព្រះសីហនុ​ជា​បណ្ដើរ​ៗ​វិញ​ហើយ