ក្រសួង​សាធារណការ ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល,ស្ថានទូត និង​ស្ថាប័ន​​រដ្ឋ ប្តូរ​ប័ណ្ណ​សម្គាល់ ស្លាក​លេខ​យានជំនិះ​ថ្មី

ភ្នំពេញ​ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ក្រសួង ស្ថាប័ន​របស់​រដ្ឋ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នានា ព្រមទាំង​ស្ថានទូត​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា រូតរះ​ប្តូរ​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​ថ្មី ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​ថ្មី​របស់​ក្រសួង ស្តីពី​ការ​ផ្លាស់ប្តូរ​ស្លាក​លេខ​សម្គាល់​យានជំនិះ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។

សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួង​សាធារណការ​បញ្ជាក់​ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី “​ការចុះបញ្ជី​ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​យានជំនិះ​” ហើយ​ខែមេសា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តីពី “​ការកំណត់​ប្រភេទ​លេខ​សម្គាល់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន​” ផងដែរ​។

ការ​ចេញ​អនុក្រឹត្យ និង​ប្រកាស​នេះ ក្នុង​គោលបំណង​គ្រប់គ្រង​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ​របស់​ក្រសួង ស្ថាប័ន​នានា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព និង​សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​យានជំនិះ​របស់​ក្រសួង ស្ថាប័ន ជាពិសេស​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ស្លាក​លេខ​សម្គាល់​យានជំនិះ​។

ក្នុង​សេចក្តី​ប្រកាស​បន្ថែមថា យោង​លើ​ហេតុផល​នេះ រាជរដ្ឋាភិបាល​បានសម្រេច​កែសម្រួល និង​កំណត់​លេខ​កូដ​សម្គាល់​ស្លាក​លេខ​របស់​ក្រសួង ស្ថាប័ន​មួយចំនួន​ជាថ្មី តាម​លំដាប់​លេខ​កូដ​សម្គាល់​ចាប់ពី​រដ្ឋ​០១ ដល់​រដ្ឋ​៣៦​។ ក្នុង​សេចក្តី​ជូនដំណឹង​នេះ ក្រសួង​សង្ឃឹម​មុតមាំ​ថា ម្ចាស់​គ្រប់គ្រង​យានជំនិះ​ជា​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចូលរួម​សហកា​រ​អនុវត្តតាម​ខ្លឹមសារ​ជូនដំណឹង​នេះ ដើម្បី​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានជំនិះ និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឲ្យ​ស្រប​តាមច្បាប់​ដែល​បានកំណត់​៕
កោះ​កែវ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114