ក្រសួង​អប់រំ និង​NOCC ប្រកាស​ទទួលស្គាល់​សហ​ព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា

ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ប្រកាស​ទទួលស្គាល់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​ជា​ផ្លូវការ​ហើយ បន្ទាប់​សហព័ន្ធ​មួយ​នេះ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​រួចរាល់ កាល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយមាន​ការ​អញ្ជើញ​ចូលរួម ពី​លោក​បឹង គឹម​តោ ប្រធាន​ស្តីទី នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា។

លោក សុខ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​លោក​បាន​រៀប​ចំ​ឯកសារ​តាម​លក្ខន្តិកៈ​របស់​សហ​ព័ន្ធ​ជូន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​យ៉ាង​ត្រឹមត្រូវ​ទាំង​៦​ប្រការ ព្រមទាំង​សមាជិក​ប្រតិបត្តិ​ថ្មី​ចំនួន​១១​រូប ដើម្បី​ធ្វើ​សកម្មភាព​កីឡា​នេះ​អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០២៤​។

សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​២ ឆ្នាំ​២០១៦-២០២០ និង​បោះឆ្នោត​បន្ត​អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០២៤ ដោយ​បាន​ធ្វើការ​បោះឆ្នោត​ឲ្យ​លោក តឹក ប៊ុន​វី ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២០-២០២៤ និង​សមាជិក​ប្រតិបត្តិ​ថ្មី​ចំនួន​១១​រូប ដើម្បី​បន្ត​អភិវឌ្ឍ​កីឡា​កាយ​វប្បកម្ម និង​លំហាត់​ប្រាណ​ឲ្យ​កាន់​តែ​មាន​សក្តានុភាព លើ​ឆាក​អន្តរជាតិ​។

ចំពោះ​រចនាសម្ព័ន្ធ​ដឹកនាំ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​ពេលនេះ គឺ​លោក តឹក ប៊ុន​វី ជា​ប្រធាន លោក ចាប វ៉ាន់ អនុប្រធាន លោក សុខ វណ្ណៈ អគ្គលេខាធិការ លោក ណុំ សុ​បិ​ន្ត អគ្គលេខាធិការរង លោក ហេង សា​រ៉ា​ត អគ្គ​ហិ​រញ្ញឹក លោក ធិ ប៊ុន​ធី អគ្គ​ហិ​រញ្ញឹក​រង លោក សំបូរ ណាន គ្រូបង្វឹក លោក អ៊ុន បូរ៉ា​ត គ្រូ​ជំនួយ លោក នុត សុផល ជា​ចៅក្រម លោក ឈុន ឌី​រតនា និង​លោក ហ៊ុន សុ​ភី ជា​សមាជិក​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កីឡា​កាយ​វប្បកម្ម​កម្ពុជា ទទួល​បាន​ការ​ពេញនិយម​និង​គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក បន្ទាប់ពី​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​កាយ​វប្បកម្ម​កម្រិត​តំបន់ ទ្វីប និង​ពិភពលោក ទទួលបាន​មេដាយ​ជូន​ជាតិ​មាតុភូមិ ។ ជាក់ស្តែង​នៅក្នុង​ការ​ចូល​រួមការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​១០​គ្រឿង ក្នុង​នោះ មេដាយមាស​៥​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរិទ្ធ​២​គ្រឿង និង​ការប្រកួត​ជើងឯក​ពិភពលោក​បាន​មេដាយ​សរុប​៤​គ្រឿង ក្នុង​នោះ មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយ​សំរិទ្ធ​២​គ្រឿង​៕
វិ​សិទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114