BREAKING NEWS
Search

ក្រសួង​អប់រំ បន្ត​ពិនិត្យ​ឯកសារ​មេរៀន ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​តាម​គ្រឹះស្ថានសិក្សា​

ភ្នំពេញ ៖ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ ទប់ស្កាត់​ ការប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​គ្រឹះស្ថានសិក្សា លោកស្រី​បណ្ឌិត សឿ សុជាតា ​បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​តាក់តែង​ឯកសារ​មេរៀន ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ​ឆ្នាំ​២០២០​។​

លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍​សម្ភារៈ​ឧបទេស​សម្រាប់​ការអប់រំ បង្ការ​ ទប់ស្កាត់​ ការប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​គ្រឹះស្ថានសិក្សា បាន​មានប្រសាសន៍ថា ប្រសិនបើ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស មានការ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​ ពួកគាត់​នឹង​ចូលរួម​បង្ការ​ទប់​ស្កាត់​បញ្ហា​គ្រឿងញៀន ហើយ​ឯកសារ​ដែល​យើងទាំងអស់គ្នា​កំពុង​រួមគ្នា​តាក់តែង​នេះ​ នឹង​ក្លាយ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​អ្នក​សិក្សា ​និង​អ្នក​ចង់​ស្វែងយល់​បង្កើន​ចំណេះ​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា។ ក្លាយ​ជា​ជន​បង្គោល​របស់​ជាតិ​ក្នុង​ដំណើរ​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​បង្ក​ដោយ​គ្រឿងញៀន​ខុស​ច្បាប់​នៅក្នុង​សង្គមជាតិ​។​

លោកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា ឯកសារ​អប់រំ​នេះ​ ពេល​រៀបចំ​រួចរាល់​ និង​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​សុំ​ដាក់​ធ្វើតេស្ត​សាកល្បង​(​លំនាំ​ក្នុង​ថ្នាក់ ករណី​សិក្សា ត្រួតពិនិត្យ និង​លំនាំ​មិត្ត​អប់រំ​មិត្ត​)​គុណភាព ប្រសិទ្ធភាព​នៅ​តាម​សាលា​គរុកោសល្យ​ភូមិភាគ​តាម​រាជធានី​-​ខេត្ត មុននឹង​សុំ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន លើ​ការងារ​បោះពុម្ព​ផ្សព្វផ្សាយ​។

ទន្ទឹមនេះ ​លោកស្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ ប្លែក​អន្តរជាតិ កម្ពុជា និង​អង្គការ Cambodia Acts ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​តាក់តែង​សៀវភៅ​នេះ​។​

សូម​បញ្ជាក់​ថា ឯកសារ​អប់រំ​ដែល​កំពុង​រៀបចំ​តាក់តែង​នេះ មាន​ពីរ​ផ្នែក គឺ​ផ្នែក​បឋមសិក្សា​មាន​១៥​មេរៀន ​ចែកចេញជា​៤​ជំពូក និង​មធ្យមសិក្សា​ បឋមភូមិ មាន​១៥​មេរៀន​ ចែក​ជា​៣​ជំពូក​៕
អត្ថបទ ៖ ​វ​ត្តី​

សូមចុចអាន ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនតាមអនុវត្តដីការបង្គាប់របស់ចៅក្រម ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114