BREAKING NEWS
Search

ក្រសួង​អភិវឌ្ឍន៍​ជនបទ បើក​សិក្ខាសាលា​ចែករំលែកការងារ និង​សិទ្ធិ​ជនពិការ

​ភ្នំពេញ​ ៖ សិក្ខាសាលា​ចែករំលែក​ការងារ និង​សិទ្ធិជនពិការ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត ​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងអភិវឌ្ឍន៍​ជនបទ បាន​ប្រព្រឹត្តទៅ​នៅ​ និងទីស្តីការក្រសួង​នៅថ្ងៃទី​២៧ ខែមិថុនា​។

​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នោះដែរ លោក សុខ ម៉េង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារសកម្មភាព​ជនពិការ ក​.​អ​.​ជ បានមានប្រសាសន៍ថា​ វគ្គ​សិក្ខាសាលា​ដែល​បានរៀបចំឡើង​ក្នុងថ្ងៃនេះ គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​ក្រុមការងារ​សកម្មភាព​ជនពិការ ក្នុងការ​លើកកម្ពស់​សិទ្ធិ សេរីភាព និង​សុខុមាលភាព​បងប្អូន​មន្ត្រីរាជការជា​ជនពិការ ហើយ​ជាការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ទាំងអស់ សូមជួយ​ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ជនពិការ ដែលជា​ធនធានមិនអាច​មើលរំលង​បាន ​ក្នុងការ​ចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​អនុលោម​តាមមាត្រា៣ របស់​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​ របស់​អង្គការសហប្រជាជាតិ។​

លោក​បន្តថា ​ពិការ​ភាពជា​បញ្ហា​ពហុ​វិស័យ មិនមែនជា​របស់​ក្រសួង ឬ​ស្ថាប័ន​ណាមួយ​ដាច់ដោយឡែក​ឡើយ ។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​នឹង​កំពុង​យកចិត្តទុកដាក់ ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​ជនពិការ ដោយ​ប្រែក្លាយ​ពីការជួយជនពិការ​ពី​បរិបទ​មនុស្សធម៌មកជា​កាតព្វកិច្ចវិញ។ ហេតុ​ដូចនេះហើយ ទើប​ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​សកម្មភាព​ជនពិការ បានរៀបចំសិក្ខាសាលា​“​ចែករំលែក​ការងារ និង​សិទ្ធិ​ជនពិការ ” ។

​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម និង​របបប្រល័យពូជសាសន៍​​ ដែល​បាន​បន្សល់ទុកផលវិបាក​ជាច្រើន ជាពិសេស​អត្រាជនពិការ​មាន​កម្រិត​ខ្ពស់។ ផ្អែកលើ​ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ឆ្នាំ២០១៤ បានបង្ហាញថា ប្រេ​វ៉ាឡង់​នៃ​អត្រា​ពិការភាព​មានប្រហែល៤​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ហើយ​ចំនួន​អ្នក​ពិការ​មាន​ប្រមាណ ៥២៤.០០០​នាក់។ ក្រៅពីនេះប្រជាជន​កម្ពុជា​ ក៏​ប្រឈម​នឹង​ភាព​រងគ្រោះ​មួយចំនួន​ ដែល​នាំ​ឲ្យ​មាន​ពិការភាព​ដូចជា គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​ថា្នក់​ការងារ ពិការ​ពី​កំណើត ជំងឺ និង​ដោយ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត។

​ផ្តើមចេញពី​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានយកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​ពិការភាព និង​ស្តាលទ្ធភាព​ពលកម្ម ដូច​មានចែង​ក្នុង​កម្មវិធីនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាល​ទី៣ និង​ការដាក់បញ្ចូល​នូវបញ្ហា​ជួយ​ជនពិការ​ដោយសារ​មីន ក្នុង​ឯកសារគោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជាគោលដៅ​ទី៩ ស្តីពី​សកម្មភាព​ដោះមីន និង​ជួយ​ជនពិការ​ដោយសារ​មីន។ ជារួម​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ យើង​ទទួលបាន​លទ្ធផល​ធំធេង​ជា​បន្តបន្ទាប់ ហើយស្ថានភាព​របស់​ជនពិការ​កម្ពុជា មាន​ស្ថានភាពល្អប្រសើរ​ឡើងជា​លំដាប់។

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការរៀបចំ​សិក្ខាសាលា​ថ្ងៃនេះ គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជា​ក្រុមការងារ​សកម្មភាព​ជនពិការ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ សេរីភាព និង​សុខុមាលភាព​បងប្អូន​មន្ត្រីរាជការ​ជា​ជនពិការ ហើយ​ជាការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​ជួយផ្តល់​ការគាំទ្រ​ដោយ​គ្មានការរើសអើង​ចំពោះ​ជនពិការ ដែលជា​ធនធាន​មិនអាច​មើលរំលង​បាន​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព២០១៤-២០១៨ គឺជា​មូលដ្ឋានគ្រឹះ និង​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ ក្នុង​ការជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ និង​ទសវត្សរ៍​ជនពិការ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ “​ធ្វើ​សិទ្ធិ​ក្លាយជា​ការពិត​” ជាពិសេស យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់រាជរដ្ឋាភិបាល​កម្ពុជាលើ​វិស័យ​ពិការភាព ហើយក៏​ជា​ផែនទី​បង្ហាញផ្លូវ​ដើម្បី​លើកកម្ពស់​ជីវភាព និង​សិទ្ធិ​ជនពិការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការលើកកម្ពស់​សិទ្ធិ​នេះ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ វិស័យ​សាធារណៈ វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​។​

លោក​បណ្ឌិតរដ្ឋមន្ត្រី​បញ្ជាក់ថា ​បញ្ហា​ជនពិការ​នៅ​កម្ពុជា មានការ​កើនឡើង​ប្រមាណ​ជា ២,០៦ភាគរយ ការកើនឡើង​នេះ​ គឺជា​ក្តី​ព្រួយបារម្ភ​មួយ​ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​លើ​កម្ពស់​សិទ្ធិ​ជនពិការ ហើយ​បើតាម​ការអង្កេត​ស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល បាន​បង្ហាញថា ចំនួន​នៃ​ជនពិការ​មានការ​កើនឡើង​ចន្លោះ​ពី ៣០​ម៉ឺន ទៅ ៥០​ម៉ឺន​នាក់ ជា​រៀងរាល់ឆ្នាំ​។

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ សម្រេចបាន​នូវ​សមិទ្ធិផល​ជាច្រើន​ក្នុង​វិស័យពិការភាព សំដៅ​ជួយ​ដល់​ជនពិការ និង​ក្រុមគ្រួសារ​ឲ្យ​ទទួលបាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម និង​សេវាសាធារណៈ​ស្មើគ្នា​។ ក្រៅពីនេះជនពិការ​នៅកម្ពុជា ធានាបាន​នូវ​សិទ្ធិ​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម ​ទាំង​ការចុះឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ឲ្យ​គេ​បោះឆ្នោត ការទទួលបាន​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​ការគិតគូរ​ដាក់បញ្ចូល​បញ្ហា​ពិការភាព​ក្នុង​គ្រប់​វិស័យ តាមរយៈ​ការកែសម្រួល និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ ការចុះ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិស័យ​ពិការភាព​ទៅគ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​ជន​មាន​ពិការភាព​គ្រប់រូប​នៅ​កម្ពុជា​។

ជាក់ស្តែង​ស្របតាម​អនុក្រឹត្យ​លេខ១០៨ អនក្រ​.​បក ចុះ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​នៃ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ ក្រសួងអភិវឌ្ឍន៍ជនបទ​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ចូលរួម​ពី​ជនពិការ ដោយបាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ស៊ីវិល ស្របតាម​អត្រា​កំណត់២​ភាគរយនៃ​មន្ត្រីរាជការ​ក្របខ័ណ្ឌ​សរុប ដែល​ក្នុងនោះមាន​មន្ត្រីរាជការ​ជា​ជនពិការសរុប​ចំនួន៣៦​រូប ដែលមាន​ប្រមាណ​ស្មើនឹង៣​ភាគរយ​។

​ក្នុង​ស្មារតី​នេះ ដើម្បី​រួមចំណែក​គាំទ្រ និង​លើកកម្ពស់​សិទ្ធិ សេរីភាព និង​សុខុមាលភាព​បងប្អូន​មន្ត្រីរាជការ​ជា​ជនពិការរបស់​ក្រសួង​អភិវឌ្ឍន៍ជនបទ លោកបណ្ឌិត​បានធ្វើការ​អំពាវនាវ​ដូចតទៅ៖
​ទី១: ត្រូវ​បន្ត​រៀបចំ​សិក្ខាសាលា​លើ​កម្ពស់​សិទ្ធិជនពិការ និង​ចែករំលែក​បទពិសោធន៍​នេះ ជូនមន្ត្រីរាជការ​ក្នុង​ក្រសួងអភិវឌ្ឍន៍ជនបទជារៀងរាល់ឆ្នាំ​។​
​ទី២: ត្រូវ​បន្ត​ចូលរួម​រៀបចំ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី ១៩ និង​ទិវា​ជនពិការ​អន្តរជាតិ​លើ​ទី៣៥ សម្រាប់​ឆ្នាំ២០១៧ នៅពេល​ខាងមុខនេះ​។​
​ទី៣: គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទាំងអស់ ត្រូវ​រៀបចំ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការចេញចូល​នៅ​កន្លែង​បំពេញការងារ ​សម្រាប់​មន្ត្រី​រាជការ​ជា​ជនពិការ ដូចជា​ការរៀបចំ​ឲ្យ​មាន​ជាចំណត​ពិសេស​សម្រាប់​ជនពិការ ការធ្វើ​ជម្រាល ការបំពាក់​ឧបករណ៍​ធ្នាក់​ដៃ​នៅតាម​បន្ទប់ទឹក ការដាក់​ស្លាក​សញ្ញា​នានា​ជាដើម​។ ជាពិសេស​ត្រូវធ្វើ​ការលើក​ទឹកចិត្ត​ដល់​មន្ត្រីរាជការ​ជា​ជនពិការ ​តាមរយៈ​ការផ្តល់​គ្រឿង​ឥស្សរិយយស និង​ការដំឡើង​ថ្នាក់​ឲ្យ​បានទាន់ពេលវេលា​។​
​ទី៤: ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​រៀបចំ​ដាក់​ផែនការ​សកម្មភាព ស្តីពី​ពិការភាពរបស់ខ្លួន ក្នុងទិសដៅ​សម្រេច​ឲ្យខាងតែបាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ មុំ​ទី៣ ការងារ​អាទិភាព​ទី៤ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ពិការភាព២០១៤-២០១៨​។​
​ទី៥: ក្រុមការងារ​សកម្មភាព​ជនពិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​ដឹកនាំ​ចាត់ចែង អនុវត្តអនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ និង​ជំរុញ​ការអនុវត្ត​លិខិតបទដ្ឋាន​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ពិការភាព ជាមួយ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្រសួង​-​ស្ថាប័នដៃគូអភិវឌ្ឍន៍ សង្គម​ស៊ីវិល​ ឲ្យ​ដំណើរការទៅបាន​ដោយ​រលូន និង​ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និង​រៀបចំ​របាយការណ៍ជូន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​។​
​ទី៦: ត្រូវ​បញ្ចូល​សកម្មភាព​ពាក់ព័ន្ធ​នានា​លើ​វិស័យ​ពិការភាព ទៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​សំដៅ​ធានា​លើកកម្ពស់​សិទ្ធិ​ជនពិការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114