BREAKING NEWS
Search

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត ​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩

កំពត ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០ នៅ​សាលសន្និសីទ​ខេត្ត​កំពត​ មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​ត្រួត​ពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។

​ជាមួយនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ ជា​អនុប្រធាន និង ​សមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ប្រមាណ​ជាង​៧០០​នាក់​ផងដែរ​។​

​ក្រោយពី​ស្តាប់​របាយការណ៍​ពិស្ដារ ​ស្ដីពី​លទ្ធផល​ការងារ​រយៈពេល​មួយឆ្នាំ​ នៃ​ឆ្នាំ​២០១៩ ដែល​អាន​ជូន​អង្គពិធី​ដោយ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​កោតសរសើរ​ដល់​សមាជិក​ក្រុម​ទាំងអស់​ដែល​ខិតខំ​បំពេញការងារ​រហូត​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ពិសេស​កិច្ចការ​ងារ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

​ជាមួយនឹង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ដែល​បានដាក់​ចេញ​ក្នុង​អង្គប្រជុំ​នេះ លោក​ប្រធាន​ក្រុមការងារ​បាន​ជំរុញ​ដល់​គ្រប់​សមាជិក​ទាំងអស់ ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​នូវ​រាល់​ភារកិច្ច​របស់ខ្លួន​ដើម្បី​សម្រេច​ជោគជ័យ​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114