ក្រុមការងារ​រាជរដ្ឋាភិបាល​និង​មន្ត្រី​ថ្នាក់​ខេត្ត​ បន្ត​ចុះ​អប់រំ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩
BREAKING NEWS
Search

ក្រុមការងារ​រាជរដ្ឋាភិបាល​និង​មន្ត្រី​ថ្នាក់​ខេត្ត​ បន្ត​ចុះ​អប់រំ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩

កំពត ៖ លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ក្រុង​កំពត និង លោក នៃ គង់ អភិបាលរង​ខេត្ត រួម​នឹង​យុវជន​(​ស​.​ស​.​យ​.​ក​) និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ បាន​បន្ត​ចុះ​សួរ​សុខទុក្ខ​និង​អប់រំ​ផ្សព្វផ្សាយ​ពី​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ក្នុង​សហគមន៍​និង​តាម​ខ្នង​ផ្ទះ នៅ​ភូមិ​ស្រែ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​ខេត្តកំពត​។

​លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ បាន​លើក​បញ្ជាក់​ថា ជំងឺ​កូ​វីដ​១៩ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ទូទាំង​សាកលលោក ហើយ​បើ​ទោះ​បី​បច្ចុប្បន្ន ជំងឺឆ្លង​កូ​វីដ​១៩​នៅ​កម្ពុជា​យើង មាន​លក្ខណៈ​ធូរស្បើយ និង​ពុំ​រក​ឃើញ​អ្នក​ឆ្លង​បន្ត​ទៀត​ក្ដី ព្រមទាំង​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទាំងអស់ ហើយ​គ្មាន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​ក៏ពិតមែន​។ ប៉ុន្តែ​ជំងឺ​នេះ​នៅ​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ពុំ​ទាន់​មាន​ស្ថានភាព​ធូរស្រាល​នៅឡើយ​ទេ និង​កំពុង​តែ​បន្ត​ឆ្លង​រាតត្បាត​ទៀតផង។

​លោក​បន្ត​ថា ដើម្បី​សុខភាព​អាយុជីវិត​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​តាម អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​បន្ត​ទៀត ព្រោះ​ជំងឺ​នេះ​វា​អាច​ឆ្លង​រាតត្បាត​ជា​លើក​ទី​២​បន្តទៀត​បើសិនជា​យើង​ទាំងអស់​គ្នា​មិន​រួមគ្នា​ការពារ​ប្រុងប្រយ័ត្ន​។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​ការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​រួមគ្នា​បញ្ចៀស​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នឹង​ជំងឺ​ផ្សេងៗ​មកដល់​គ្រួសារ​និង​សហគមន៍​របស់​យើង​។

ជា​មួយ​គ្នា​នេះ លោក ម៉ាន សុ​គ្រី ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការចូលរួម គោរព​ច្បាប់​នានា​របស់​រដ្ឋ ជៀស​ឲ្យ​ឆ្ងាយ​ល្បែងស៊ីសង គ្រឿងញៀន ពិសេស​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សេចក្ដីសុខ និង​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា នៅក្នុង​សង្គម​គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។

ក្នុង​ឱកាស​នោះ លោក ម៉ាន សុ​គ្រី និង​ក្រុមការងារ​ក៏បាន​ចែក​អំណោយ​ដែល​ផ្ដល់​ដោយ​ប្រទេស​សិង្ហ​បុរី តាមរយៈ​គ្លីនិក​វេជ្ជៈ ម៉ើ​ត​ឌ​ល់​សេត ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​គ្រួសារ​ក្នុង​មួយ​គ្រួសារ​អង្គរ​១០​គីឡូ រួម​នឹង មី ប្រេងឆា តែ ស្ករស ទឹកសេរ៉ូ និង​ចាស់ជរា​តាម​ខ្នង​ផ្ទះ​មួយចំនួនទៀត​ក៏​ទទួលបាន​ថវិកា​បន្ថែម​ពី​ឯកឧត្តម​ម៉ាន សុ​គ្រី និង​ក្រុមការងារ​ដែល​សរុប​អស់​ថវិកា​ចំនួន​១​លាន​២​សែន​រៀល​ផងដែរ​។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​កំពត​ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​កំពត ដោយ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រុមការងារ​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​ចុះ​ស្វែងយល់​និង​ធ្វើការ​ដោះស្រាយ​បានល្អ​នូវ​តម្រូវការ​និង​សំណូមពរ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​និង​បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​បន្ត​កិច្ចខិតខំ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​មូលដ្ឋាន​៕
សេង ណា​រិ​ទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114