ក្រុមសកម្មជនចោទប្រកាន់ TikTok រំលោភកិច្ចព្រមព្រៀងស្តីពីកិច្ចការពារកុមារ

កាលពីថ្ងៃព្រហស្បតិ៍ ក្រុម​សកម្មជន​មួយ​ក្រុម បានដាក់ពាក្យបណ្តឹងជាមួយនិយតករអាមេរិកដោយអះអាងថា កម្មវិធីវីដេអូដ៏ពេញនិយម TikTok ខកខានមិនបានធ្វើតាមកិច្ចព្រមព្រៀងកាលពីឆ្នាំមុន ក្នុងការដាក់កំហិតការប្រមូលទិន្នន័យពីកុមារ។

អង្គការទាំង២០បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC )ថា TikTok នៅតែបន្តប្រមូលទិន្នន័យលើកុមារអាយុក្រោម ១៣ ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ ទោះបីជាមានការដោះស្រាយរបស់តុលាការសហរដ្ឋអាមេរិកនៅខែកុម្ភៈឆ្នាំ ២០១៩ក៏ដោយ។

ពាក្យបណ្តឹងបានអំពាវនាវឱ្យ FTC បើកការស៊ើបអង្កេតឡើងវិញ ដោយនិយាយថាបញ្ហានេះគឺជារឿងបន្ទាន់ នៅពេលដែលកុមារកាន់តែច្រើនបានចូលទៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងអំឡុងពេលនៃការបង្ខាំងប្រជាជនមិនឱ្យដើរចេញទៅណា។

យោងតាមពាក្យបណ្តឹងនេះ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនឈ្មោះថា ByteDance ធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាយុក្រោម១៣ឆ្នាំដោយបញ្ជៀសមិនឱ្យមានការយល់ព្រមពីឪពុកម្តាយ និងមិនព្យាយាមជូនដំណឹងដល់ឪពុកម្តាយ។

ជាលទ្ធផល TikTok អាចប្រមូលព័ត៌មានលម្អិតអំពីរបៀបដែលក្មេងៗទាំងនេះប្រើកម្មវិធីនេះ និងអនុវត្តបញ្ញាសិប្បនិម្មិតដើម្បីកំណត់នូវអ្វីដែលត្រូវបង្ហាញបន្ទាប់ ដើម្បីឱ្យពួកគេអាចនៅប្រើកម្មវិធីនោះបានតាមដែលអាចធ្វើទៅបាន។

លោក Josh Golin នាយកប្រតិបត្តិនៃយុទ្ធនាការដើម្បីសេរីភាពកុមារភាពដែលជាក្រុមមួយក្នុងចំណោមក្រុមទាំងអស់ដែលនៅក្នុងបណ្តឹងបាននិយាយថា“ សូម្បីតែបន្ទាប់ពីត្រូវបានរកឃើញពីភាពមិនត្រឹមត្រូវរបស់កម្មវិធីនេះដោយ FTC ក៏ដោយ ក៏TikTok នៅតែបន្តអនុវត្តច្បាប់នេះ” ។

ក្រុមហ៊ុន TikTok កាលពីឆ្នាំមុនបានបង់ប្រាក់ពិន័យចំនួន ៥,៧ លានដុល្លារក្រោមការដោះស្រាយរបស់តុលាការ ហើយបានយល់ព្រមអនុវត្តការផ្លាស់ប្តូរគោលនយោបាយមួយចំនួន រួមមានការលុបរាល់ព័ត៌មានទាំងឡាយណាដែលប្រមូលបានពីកុមារអាយុក្រោម១៣ឆ្នាំ៕ AFP


TAG