ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ចិន​ពីរ​សម្រេចចិត្ត​វិនិយោគ​រោងចក្រ​កែច្នៃ​កសិកម្មសរីរាង្គ​មួយ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម និង ដំឡើង​រថយន្ត​នៅ​កម្ពុជា

ភ្នំពេញ ​៖ លោក វ៉ាង ស៊ូ​ជាន (WANG SHUJIAN) សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​សាន​តុង បាន​ថ្លែង​ថា ក្រុមហ៊ុន​ចិន​ពីរ គឺ​ក្រុមហ៊ុន Guomei Linqor Group និង​ក្រុម​ហ៊ុន Fu Lai Chun Group សម្រេចចិត្ត​វិនិយោគ​រោងចក្រ​កែច្នៃ​កសិកម្មសរីរាង្គ​មួយ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម ក្នុង​ការផលិត​ជីសរីរាង្គ ការ​វេច​ខ្ចប់ លក់​ជីសរីរាង្គ និង​ចែកចាយ​បន្លែ​សរីរាង្គ និង ដំឡើងរថយន្ត​នៅ​កម្ពុជា​។

ការ​ថ្លែង​របស់​លោក វ៉ាង ស៊ូ​ជាន បានធ្វើ​ឡើង ក្នុង​ជំនួប​ជាមួយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅ​ទីស្តីការ​ក្រសួង។ ​លោក វ៉ាង ស៊ូ​ជាន បាន​ជម្រាប​ជូន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក​បាន​នាំមក​នូវ​ក្រុមហ៊ុន​មកពី​ខេត្ត​សាន​តុង​ចំនួន​២០ ដើម្បី​មក​ពិភាក្សា​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​កម្ពុជា និង​ស្វែងយល់​ពី​កាលានុវត្តភាព​សម្រាប់​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​កសិកម្ម​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ក្រុមហ៊ុន​ចំនួន​ពីរបាន​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Guomei Linqor Group ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​កសិកម្មសរីរាង្គ​មួយ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ ការ​វេច​ខ្ចប់ លក់​ជីសរីរាង្គ និង​ចែកចាយ​បន្លែ​សរីរាង្គ និង​ក្រុមហ៊ុន Fu Lai Chun Group ដើម្បី​ដំឡើងរថយន្ត​។ ក្រុមហ៊ុន Guomei Linqor Group ក៏មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ ក្នុង​លទ្ធភាព​ផលិត ១០០.០០០ តោន នៅ​ខេត្តក្រចេះ​។ លោក វ៉ាង ស៊ូ​ជាន បាន​សម្ដែង​ការតាំង​ចិត្ត​ថា​នឹង​បន្ត​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​មកពី​ខេត្ត​សាន​តុង មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ហើយ​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ផងដែរ​។

នា​ឱកាស​នោះដែរ រដ្ឋមន្ត្រី បាន​ជម្រាបជូន​គណៈប្រតិភូ​ខេត្ត​សាន​តុង​ថា កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ ក្នុងអំឡុង​ឆ្នាំ​១៩៥៦ ហើយក៏​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១០ ស្របទៅនឹង​ក្របខណ្ឌ​តំបន់ ដែល​ប្រទេស​ចិន បាន​ដាក់ចេញ​រួមមាន គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» «​មូលនិធិ​ផ្លូវ​សូត្រ​» និង «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី​» ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​ជំរុញ​ការអភិវឌ្ឍ​បែប «​ឈ្នះ​-​ឈ្នះ​» រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ​។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០១៨ មាន ចំនួន ៦ ០៤០ លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ១៣,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត ដែល​មាន​ទំហំ​សរុប​ប្រមាណ ១ ៦៤៤ លាន​ដុល្លារ​អាមេរិក​។ លើសពី​នេះ ប្រទេស​យើង​ទាំងពីរ ក៏បាន​ឯកភាព​គ្នា ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើង​ដល់ ៦ ០០០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០​។

ក្នុង​ឱកាស​នោះ​ដែរ លោក រដ្ឋមន្ត្រី បាន​ជម្រាប​បន្ថែម​ថា កម្ពុ​ជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម​ជាពិសេស​លើ​កសិផល​ដូចជា ស្វាយ ចេក មៀន ដំឡូង​មី និង​ស្រូវ ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​។ នៅ​ក្នុង​ន័យ​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ លោក វ៉ាង ស៊ូ​ជាន ឲ្យ​ជួយ​កៀរគរ​វិនិយោគិន​បន្ថែ​ម​ទៀត មក​វិនិយោគ​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។ ក្រោយពី​កម្មវិធី​សំណេះសំណាល គណៈប្រតិភូ​ខេត្ត​សាន​តុង បានផ្ដល់​ជូន​នូវ​អំណោយ​ទោចក្រយាន​ចំនួន ២០​គ្រឿង​ជូន​ក្រសួងពាណិជ្ជកម្ម សម្រាប់​យកមកប្រើ​ប្រាស់​នៅ​ក្រសួងពាណិជ្ជកម្ម៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114