BREAKING NEWS
Search

ក្រុមហ៊ុន​ចិន​ មានបំណង​វិនិយោគ​លើ​វិស័យ​ថាមពល​ស្អាត និង​សាងសង់​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ ក្រុមហ៊ុន CNNC របស់​ចិន នឹងធ្វើ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​ស្អាត (Clean Energy) និង​ថាមពល​នុយក្លេអ៊ែរ​ រួម​នឹង​ការសាងសង់​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​លទ្ធភាព​ព្យាបាលជំងឺមហារីកទៀតផង​។

លោក វ៉ាង ជីន​ហ្វឹ​ង (Wang Jinfeng) អនុប្រធានសាជីវកម្ម​វិស្វកម្ម Zhengyuan នៃ​ក្រុមហ៊ុន CNNC របស់​ចិន បានថ្លែង​បែបនេះ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ​នៅក្នុង​ជំនួប​ជាមួយលោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពិភាក្សា​ការងារពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ នា​ឱ​កាស​នោះ លោក​រដ្ឋមន្ត្រីបានជម្រាប​សង្ខេប​អំពី​គោលនយោបាយ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​វិនិយោគ​មកពី​ប្រទេស​មិត្ត​ចិន ដោយ​ស្វាគមន៍​រាល់​ការ​មក​ចូលធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។​

លោក វ៉ាង ជីន​ហ្វឹ​ង បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​តែងតែ​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន ក្នុងឱកាស​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​កន្លងមក ដែល​បានផ្ដល់​ទំនុកចិត្ត​ក្នុងការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

​ក្រសួង​បញ្ជាក់ថា លោក វ៉ាង គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​អភិវឌ្ឍ​​ធនធានមនុស្ស ក្នុង​វិស័យ​ថាមពល​ស្អាត (Clean Energy) និង​ថាមពលនុយក្លេអ៊ែរ​។ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​លទ្ធភាព​ព្យាបាល​ជំងឺមហារីក ដោយ​ប្រើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរទៀតផង​។​ លោក​រដ្ឋមន្ត្រីបាន​ស្វាគមន៍ ​និង​ត្រៀម​ជួយ​ដល់​ការ​មក​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​ផ្នែក​សុខាភិបាលដែល​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114