ក្រុមហ៊ុន​ផលិត​ឈីប​របស់​តៃវ៉ាន់ គ្រោង​បោះទុន​រាប់​ពាន់​លាន​ដុល្លារ បង្កើត​រោងចក្រ​​នៅ​អាមេរិក

ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យួទ័រតៃវ៉ាន់ឈ្មោះថា TSMC បានប្រកាសកាលពីថ្ងៃសុក្រថានឹងចំណាយប្រាក់ចំនួន១២ ពាន់លានដុល្លារ លើ​ការ​បង្កើត​រោងចក្រ​ផលិតឧបករណ៍អេឡិចត្រូនិកដ៏ទំនើបមួយ នៅក្នុងសហរដ្ឋអាមេរិកដែលនឹងបង្កើតការងាររាប់ពាន់កន្លែង។

រោងចក្រ Arizona នឹងក្លាយជាទីតាំងផលិតកម្មទី២របស់ក្រុមហ៊ុននៅអាមេរិក. AFP

ការប្រកាសនេះគឺជាជ័យជម្នះមួយសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាអ្នកជំរុញឱ្យក្រុមហ៊ុនផលិតឈីបធំៗបង្កើតហាងនៅខាងក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតMicrochipជាប់កិច្ចសន្យាខ្នាតធំបំផុតរបស់ពិភពលោក បានផលិតនូវឧបករណ៍ចាប់ពី iPhones , Laptops និងហ្គេមតេឡេបញ្ជារហូតដល់ម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតសំខាន់ៗ។ TSMC ថា ការសាងសង់រោងចក្រនៅArizona គ្រោងចាប់ផ្តើមនៅឆ្នាំ២០២១ ជាមួយនឹងការផលិតបន្ទះឈីបទំហំ៥ ណាណូម៉ែត្រដែលតូចជាងគេ និងលឿនបំផុតនៅលើទីផ្សារដោយចាប់ផ្តើមនៅឆ្នាំ២០២៤ ។

ក្រុមហ៊ុនបានបន្ថែមថា រោងចក្រនេះនឹងបង្កើតការងារចំនួន១៦០០កន្លែង និងរាប់ពាន់នាក់ទៀតតាមរយៈសង្វាក់ផ្គត់ផ្គង់ ហើយនឹងផលិត semiconductor ចំនួន២ម៉ឺនគ្រឿងក្នុងមួយខែ។

គួររម្លឹកថា លោក Trump ចង់កាត់បន្ថយការពឹងផ្អែកលើទ្វីបអាស៊ី ដោយសារភាពតានតឹងកាន់តែស៊ីជម្រៅជាមួយប្រទេសចិនលើសង្គ្រាមពាណិជ្ជកម្ម ពន្ធគយ ចារកម្មឧស្សាហកម្ម និងសន្តិសុខជាតិ៕ AFP


TAG