ក្រុមហ៊ុន​ស៊ី​ភី (CP) គ្រោង ផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ​

​ភ្នំពេញ ​៖ ធុរជន​ថៃ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី បាន​ថ្លែង​ថា ក្រុមហ៊ុន​ស៊ី​ភី (CP) សុំ​កិច្ចសហការ​ជាមួយ ក្រសួងពាណិជ្ជកម្ម លើ​ការ ផលិត​គ្រាប់​កាហ្វេ នៅ​កម្ពុជា ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​តម្រូវ​ការ​គ្រាប់​កាហ្វេ គឺមាន​កម្រិត​ខ្ពស់ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ មិន​អាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះទេ​។

ការ​ថ្លែង​របស់ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី បាន​ជម្រាប​ជូន​ពី​គោលបំណង​ក្នុងការ​ពិនិត្យ​លើ​ការផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា ដើម្បី​នាំចូល​ទៅ​ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​តម្រូវ​ការ​គ្រាប់​កាហ្វេ គឺ​មាន​កម្រិត​ខ្ពស់ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ មិ​នអាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះទេ​។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឆ្លើយតប​ទៅ​និង ធុរជន​ថៃ​របស់​ក្រុមហ៊ុន​ស៊ី​ភី (CP) ថា ការដាំដុះ​ដំណាំ​កាហ្វេ គឺមាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី ហើយ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី ចុះ​ពិនិត្យ​ដោយផ្ទាល់ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។ ជាមួយ​នោះ​ដែរ លោក រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ស៊ី​ភី បង្កើន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​លើស​ពី​ការវិនិយោគ​បច្ចុប្បន្ន​បន្ថែមទៀត ជាពិសេស​ការកែច្នៃ​អង្ករ ដំឡូង​មី ពោត និង​ផលិតផល​ដទៃទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​នាំចេញ៕
​ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114