ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​មាន​ពេល​៥​ថ្ងៃ​ដើម្បី​សង្គ្រោះ​ក្រុមហ៊ុន​ឡើងវិញ

រដ្ឋាភិបាល​ហុងកុង​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​ក្រុមហ៊ុន​Hong Kong Airlines​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ពហុ​ផលិតផល​HNA Group ដែល​កំពុងតែ​ខាត​ឡុងចុង​ត្រូវតែ​បង្កើន​ជំហរ​ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ​នៅត្រឹម​ថ្ងៃទី​៧​ខែធ្នូ​នេះ​បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ប្រឈម​ជាមួយ​ការព្យួរ​ប្រតិបត្តិការ​របស់ខ្លួន​ឬ​ត្រូវ​បាត់បង់​អាជ្ញាប័ណ្ណ​របស់ខ្លួន​មិន​ខាន​។​

ក្រុមប្រឹក្សា​ដឹកជញ្ជូន​និង​លំនៅឋាន​របស់​ទីក្រុង​ហុងកុង​(THB) បានឱ្យដឹងថា​ខាង​ក្រុមប្រឹក្សា​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ធំជាងគេ​លំដាប់​ទី​២​របស់​ក្រុង​ខាងលើនេះ​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​និង​បាន​សម្តែង​ការមិនសប្បាយចិត្ត​និង​ការព្រួយបារម្ភ​ជាខ្លាំង​ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មិនឃើញ​មាន​ភាពប្រសើរឡើង​សោះ​។​

កាលពី​ថ្ងៃ​ចន្ទ​នេះ​THB បាន​ភ្ជាប់​លក្ខខណ្ឌ​ថ្មី​មួយចំនួន​ទៅនឹង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​នេះ​រកប្រាក់​ឱ្យបាន​និង​រក្សា​កម្រិត​សាច់ប្រាក់​របស់ខ្លួន​ឱ្យបាន​ជាក់លាក់​។​ដោយឡែក​អាជ្ញាធរ​ផ្តល់​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​បានឱ្យដឹងថា​ការសម្រេចចិត្ត​ថា​តើ​ត្រូវ​ផ្អាក​ឬ​ដកហូត​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​នេះ​នឹងត្រូវ​ប្រកាស​នៅត្រឹម​ថ្ងៃទី​៧​ខែធ្នូ​នេះ​។​

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នៅឡើយ​។​អាជ្ញាធរ​អាកាសយានដ្ឋាន​ហុងកុង​បាន​ថ្លែងថា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ក៏ដូចជា​ផលប៉ះពាល់​ដែល​អាច​កើតមាន​ចំពោះ​អ្នកដំណើរ​របស់​ក្រុមហ៊ុន​។​

គួរ​បញ្ជាក់ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​មិនបាន​ចុះបញ្ជី​ជា​សាធារណៈ​ហើយក៏​មិន​បង្ហាញ​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់ខ្លួន​ដែរ​ប៉ុន្តែ​កាលពី​ខែមេសា​ក្រុមហ៊ុន​បាន​ប្រាប់​ម្ចាស់​ភាគហ៊ុន​ថា​ក្រុមហ៊ុន​ត្រូវការ​ថវិកា​យ៉ាងតិច​២​ពាន់​លាន​ដុល្លារ​ហុងកុង​(២៥៥,៥៩​លាន​ដុល្លារ​អាមេរិក​) បើ​មិន​ដូច្នោះ​វា​នឹង​បាត់បង់​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់ខ្លួន​មិន​ខាន​។​

គេ​កត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​ដួល​ដោយសារតែ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០១៩​រួមមាន​ក្រុមហ៊ុន​Jet Airways Ltd របស់​ឥណ្ឌា​ក្រុមហ៊ុន​Thomas Cook របស់​អង់គ្លេស​និង​ក្រុមហ៊ុន​WOW របស់​ប្រទេស​អ៊ី​ស្លង់​ជាដើម​៕REUTERS
តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114