ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​Virgin Australia គ្រោង​កាត់បន្ថយ​សមត្ថភាព​ដឹក​អ្នកដំណើរ​ក្នុងស្រុក​និង​ដក​គោលដៅ​ហោះហើរ​នៅ​ហុងកុង​

ក្រុមហ៊ុន​អាកាសចរណ៍ Virgin Australia Holdings Ltd បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា ​ក្រុមហ៊ុន​គ្រោង​នឹង​កាត់បន្ថយ​សមត្ថភាព​ក្នុងស្រុក​យ៉ាងហោចណាស់​២% និង​ដក​យន្តហោះ​ចំនួន​៥​គ្រឿង​ចេញពី​ជើងហោះហើរ​របស់ខ្លួន​ ខ​ណៈ​ដែល​ក្រុមហ៊ុន​កំពុង​តស៊ូ​ប្រឆាំង​ជាមួយ​តម្រូវ​ការដែល​មិនមាន​ការកើនឡើង​នោះ​។​

Virgin ក៏​នឹង​កាត់​ផ្លូវ​ហោះហើរ​គោលដៅ​ពី Melbourne – Hong Kong​របស់ខ្លួន​ផងដែរ​ដែល​ក្រុមហ៊ុន​បានលើកឡើង​ថា ​មិនមាន​ការធ្វើ​ប្រតិបត្តិ​ការ​ល្អ​ ចំ​ពេល​មាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​នឹង​ហោះហើរ​ពី​ក្រុង Brisbane ទៅ​អាកាសយានដ្ឋាន​Haneda​របស់​តូ​ក្យូ​ជំនួស​វិញ​។​

លោក PaulScurrah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បានឱ្យដឹងថា​ការកាត់បន្ថយ​សមត្ថភាព​ប្រតិបត្តិការ​ក្នុងស្រុក​ដែល​នឹងត្រូវ​ធ្វើឡើង​នៅមុន​ចុងខែ​មិថុនា​និង​ធ្វើឡើង​តាម​ការផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ដែល​បានដាក់​បង្ហាញ​នៅ​ឆ្នាំនេះ​គឺមាន​គោលបំណង​លើកស្ទួយ​ថ្លៃ​យន្តហោះ​ខណៈ​ប្រាក់ចំណូល​និង​តម្រូវការ​ក្នុងស្រុក​បាន​ធ្លាក់ចុះ​។​

លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​លោក​នៅ Brisbane​ថា “​យើង​កំពុង​មើលឃើញ​ទីផ្សារ​នៅជាប់​គាំង​មួយ​បើ​ប្រៀបធៀប​ទៅនឹង​ឆមាស​ទីមួយ​កាលពី​ឆ្នាំមុន​។​យើង​កំពុង​មើល​រឿង​ដូចគ្នា​ដូចដែល​គូប្រកួត​ប្រជែង​របស់​យើង​កំពុង​មើលឃើញ​ដែរ​។​”

គូប្រជែង​ធំ​របស់​ក្រុមហ៊ុន Qantas Airways កាលពី​ខែ​មុន​បាន​រាយការណ៍​ថា​ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​ជិត​១%​នៅ​ត្រីមាស​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​។​

គួររម្លឹកថា ​កាលពី​ខែសីហា ក្រុមហ៊ុន Virgin បានលើកឡើង​ថា ​នឹង​កាត់បន្ថយ​ការងារ​ចំនួន​៧៥០​កន្លែង​បញ្ចូល​ផ្នែក​អាជីវកម្ម​ទាំងអស់​បញ្ចូល​គ្នា​និង​បើក​ការត្រួត​ពិនិត្យឡើងវិញ​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​បន្ទាប់ពី​ងាក​ទៅរក​ការខាតបង់​ប្រចាំឆ្នាំ​ដោយសារ​ស្ថានភាព​ទីផ្សារ​ទន់​និង​ថ្លៃ​ប្រេង​ឡើង​ខ្ពស់​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114