ក្រុមហ៊ុន ចិន ជប៉ុន កូរ៉េ កំពុងសម្រុកស្ថាបនាផ្លូវជាតិ ចេញពីរាជធានីភ្នំពេញ

ផ្លូវជាតិ ៣ ខ្សែ ចេញ​ពី​រាជធានី​ភ្នំពេញកំពុងតែសម្រុកស្ថាបនា ដោយក្រុមហ៊ុនបរទេស ៣ មាន​ចិន ជប៉ុន កូរ៉េ។

>ផ្លូវ​ជាតិ​លេខ ៣៖

ផ្លូវជាតិលេខ៣ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកំពត ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ស្ថាបនាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។

គម្រោងសាងសង់ផ្លូវនេះ គ្រោងបញ្ចប់នៅឆ្នាំ២០២២ បន្ទាប់បើកការដ្ឋានសាងសង់កាលខែឧសភា ឆ្នាំ២០១៨។

ការកសាងកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។

>ផ្លូវជាតិលេខ ២៖

បានបើកការដ្ឋានសាងសង់នៅថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូល តាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ។ ​ផ្លូវ​ជាតិ​លេខ ២ ស្ថាបនាដោយក្រុមហ៊ុនHanshin Engineering &Construction Co.,Ltd របស់​កូរ៉េ គ្រោងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក។

ដោយប្រើរយៈពេលសាងសង់​ ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ) ការស្ថាបនាផ្លូវជាតិលេខ ២ បែងចែកជាបីកំណាត់ផ្លូវធំៗ គឺកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្តី្របីកួរស្រូវ មានប្រវែងជាង៨គីឡូម៉ែត្រពង្រីកពី ២គន្លង ទៅ៤គន្លង កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្តី្របីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែងជាង៥៣គីឡូម៉ែត្រ មាន ២គន្លង។ កញ្ចប់ស្ថាបនាផ្លូវនេះ ក៏រួមបញ្ចូលការស្ថាបនាផ្លូវជាតិលេខ២២ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ដែលមានប្រវែងជាង៩គីឡូម៉ែត្រ។

>ផ្លូវជាតិ​លេខ ៥៖

ផ្លូវជាតិលេខ ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ដែលលាតសន្ធឹងពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ការងារស្ថាបនាបែងចែកជា ៣ផ្នែកធំៗរួមមាន ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ក្នុងនោះមានការពង្រីកកំណាត់​ផ្លូវ​ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ក្រាលដោយកៅស៊ូ AC ដោយមានសួរច្បារនៅចំកណ្តាល។

ផ្លូវសេដ្ឋកិច្ច​ដ៏​សំខាន់​ភ្ជាប់​ទៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ដែលមានរយៈពេលសាងសង់ ៣៦ខែ៕

អត្ថបទ៖ ដីក្រហម