ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Alibaba ទទួលបាន​ភ្លើង​ខៀវ​សម្រាប់​ការចុះបញ្ជី​នៅ​ហុងកុង

របាយការណ៍​ជាច្រើន​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​លក់រាយ​យក្ស​តាម​អន​ឡាញ​របស់​ប្រទេស​ចិន​គឺ Alibaba ត្រូវបាន​គេ​ផ្តល់​ភ្លើង​ខៀវ​ដើម្បី​ចុះបញ្ជី​ភាគហ៊ុន​នៅ​ហុងកុង ដែល​នេះ​អាច​ត្រូវគេ​មើលឃើញថា​ជាការ​លក់​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើកដំបូង IPO​ដ៏​ធំ​បំផុត​របស់​ទីក្រុង​នេះ​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ។

ការអនុម័ត​សម្រាប់​ការលក់​ហ៊ុន​នេះ​ក៏​នឹង​ជួយ​ដល់​អាជ្ញាធរ​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហុងកុង​ផងដែរ​ដោយសារ​ហុងកុង​ត្រូវបាន​វាយប្រហារ​ផ្ទួនៗ​ដោយ​ក្រុមបាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​ជាច្រើន​ខែ​ដែល​បានធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ចំពោះ​ផ្នែក​សន្តិសុខ និង​បាន​ប៉ះពាល់​ទៅដល់​សន្ទស្សន៍​ផ្សារ​ហ៊ុន Hang Seng​។​

ក្រុមហ៊ុន​ដ៏​ធំជាងគេ​នៅ​អាស៊ី​មួយ​នេះ​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​កម្មវិធី Roadshow​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ ព្រោះ​វា​មើលទៅ​មាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​វិនិយោគិន​នៅតាម​ស្ថាប័ន និង​វិនិយោគិន​លក់រាយ​ជាច្រើន​។ នេះ​បើតាម​ការចុះផ្សាយ​ពី​កាសែត South China Morning Post របស់​ហុងកុង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Alibaba​។​

កាសែត​ដដែល​បាន​បន្ថែម​ដោយ​ដកស្រង់​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះថា​តម្លៃ​ភាគហ៊ុន​នឹង​ត្រូវបាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​ជាមួយនឹង​ការជួញដូរ​នៅក្នុង​ក្រុមហ៊ុន​ដែល​រំពឹងទុក​នៅ​សប្តាហ៍​នៃ​ថ្ងៃទី​២៥ ខែវិច្ឆិកា​។​

Alibaba ដែល​បាន​ចុះបញ្ជី​រួចមកហើយ​នៅ​ផ្សារ​ហ៊ុន​Nasdaq របស់​ក្រុង​ញូវយ៉ក​នោះបាន​គ្រោង​នឹង​ចុះបញ្ជី​នៅ​រដូវក្ដៅ ប៉ុន្តែ​ក៏បាន​ផ្អាក​ទៅវិញ​ដោយ​សម្អាងថា​ដោយសារ​ការតវ៉ា​ប្រឆាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​នៅតែ​បន្ត​មិន​ឈប់ឈរ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​។​

ប្រសិនបើ​បានដឹង IPO​ដែលមាន​តម្លៃ​១៥ ពាន់​លាន​ដុល្លារ​នឹង​ក្លាយជា​ចំនួន​ច្រើន​បំផុត​គិត​ចាប់តាំងពី​ក្រុមហ៊ុន​ធានារ៉ាប់រង AIA បាន​ប្រមូលប្រាក់​ចំនួន ២០,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០​។ តែ​ទោះជា​យ៉ាងណា វា​នៅតែ​ទាប​ជាង​តម្លៃ​២០​ពាន់​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​បាន​គ្រោងទុក​ពីដំបូង​មក​ដែរ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114