ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Lufthansa លុបចោល​ជើងហោះហើរ​ចំនួន​៧០០​ជើង​ក្នុង​មួយថ្ងៃ ព្រោះ​បាតុកម្ម​របស់​បុគ្គលិក​ខ្លួន

អ្នកបម្រើ​ការ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Lufthansa បានធ្វើ​កូដកម្ម​រយៈពេល​៤៨​ម៉ោង​រឿង​ប្រាក់​ឈ្នួល​និង​ប្រាក់​សោធន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បង្ខំ​=jy​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់​ដ៏​ធំជាងគេ​នេះ​ត្រូវ​លុបចោល​ជើងហោះហើរ​រាប់រយ​ជើង​។​

ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​រំពឹងថា​នឹង​លុបចោល​ការហោះហើរ​សរុប​ចំនួន​១៣០០ នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ ដោយមាន​អ្នកដំណើរ​ចំនួន​១៨​ម៉ឺន​នាក់​ត្រូវ​រង​ផលប៉ះពាល់​។ ចំនួន​នេះ​ស្មើនឹង​ប្រមាណ​១/៥ នៃ​គំរោង​ហោះហើរ​ចំនួន ៦​ពាន់​ជើង​របស់​ក្រុមហ៊ុន Lufthansa ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​

តារាង​ព័ត៌មាន​ធ្វើដំណើរ​នៅលើ​វិ​ប​សាយ​របស់​អាកាសយានដ្ឋាន​Frankfurt បានបង្ហាញ​ពី​ជើងហោះហើរ​ជាច្រើន​ដែល​ត្រូវបាន​លុបចោល​ទៅកាន់​គោលដៅ​តំបន់​អឺរ៉ុប និង​នៅលើ​ផ្លូវ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ជើងហោះហើរ​ប្រហែល​៤០០​ជើង​នឹងត្រូវ​លុបចោល​នៅ Frankfurt តែមួយ​កន្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយមាន​២៥០​ជើង​បន្ថែមទៀត​នៅ​ព្រលានយន្តហោះ Munich និង​ខ្លះទៀត​នៅ​ព្រលានយន្តហោះ​តូចៗ​ដែលនាំឱ្យ​ចំនួន​ការលុបចោល​សរុប​ឡើងដល់​៧០០​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​និង​សហជីព​មាន​ភាពមិន​ចុះសម្រុង​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ជុំវិញ​ស្ថានភាព​ច្បាប់​របស់​សហជីព​។ ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Carsten Spohr បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​កិច្ចពិភាក្សា​ថ្មី​ជាមួយ​សហជីព​រួមទាំង​សហជីព​អ្នកបម្រើ​ការ​លើ​យន្តហោះ​ឈ្មោះថា UFO ផងដែរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114