ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​ សិក្សា​​ពី​ការ​វិនិយោគ​ដាំ​ចេក​អំបូង​លឿង​របស់​ក្រុម​ហ៊ុន​ហ័ង​អា​ញ់​ស្រុក​កូន​មុំ​

​រតនគិរី ៖ លោក ជៀង អំ អម​ដំណើរ​ដោយ​ប្រតិភូ​ក្រុមការងារ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល​ខេត្ត អភិបាលរង​ខេត្ត និង ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ បាន​សិក្សា​ស្វែង​យល់​ពី​ការ​វិនិយោគ​ដាំ​ចេក​អំបូង​លឿង​របស់​ក្រុមហ៊ុន​ហ័ង​អញ់​ នៅ​ស្រុក​កូន​មុំ​ ខេត្ត​រតនគិរី​។​

តំណាង​ក្រុមហ៊ុន​ហ័ង​អញ់​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​១៨​ពាន់​ហិកតា ​បាន​ដំណើរការ​រៀបចំ​ចម្ការ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​ជាង​៧​ពាន់​ហិកតា។ ក្នុងនោះ​ជាង​៣​ពាន់​ហិកតា កំពុង​ប្រមូល​ផល​ដែល​បាន​ប្រើប្រាស់​ទុន​វិនិយោគ​ជាង​៤០០​លាន​ដុល្លារ សម្រាប់​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ រៀបចំ​ការប្រើប្រាស់​ដី ប្រព័ន្ធ​ទឹក ការរៀប​ចំ​ពូជ ការរៀបចំ​រចនាសម្ព័ន្ធ​ប្រមូល​ផល អនាម័យ វេច​ខ្ចប់ ឃ្លាំង​ស្តុក​ចំនួន​២ និង​រចនាសម្ព័ន្ធ​វេច​ខ្ចប់​ចំនួន​៨ ដែល​ត្រូវ​បាន​ចែកចេញជា​២​ស្តង់ដារ គឺ​ចិន និង​ជប៉ុន​។

ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល​ប្រើប្រាស់​ពលកម្ម​សរុប​២០០​នាក់ ​នៅក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​នានា ​ដែល​ជាប់​តំបន់​នេះ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន​១០ ដែល​មាន​សមត្ថភាព​ផលិត​បាន​២៥​ម៉ឺន​តោន​/​ឆ្នាំ​។​

តំណាង​ក្រុមហ៊ុន​រូបនេះ​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០២០​នេះ​ ក្រុមហ៊ុន​បាន​បង្កើន​បរិមាណ​ផលិតកម្ម​ចេក​ស្រស់​ឲ្យ​ដល់​៥០០​ពាន់​តោនក្នុង​​មួយ​ឆ្នាំ​។ ក្រៅពីនេះ ​ក៏​នៅមាន​ផលដំណាំ​ស្វាយ​,​ ក្រូចថ្លុង​, ស្រកានាគ និង​ខ្នុរ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ជាង​១៥​ពាន់​នាក់​។ ​ក្រៅពី​ការងារ​អាជីវកម្ម​ ក្រុមហ៊ុន​ក៏​បាន​គិតគូរ​យកចិត្ត​ទុកដាក់​ផង​ដែរ លើ​ការងារ​សង្គម​សុខភាព ការអប់រំ លំនៅដ្ឋាន​ជូន​បុគ្គលិក កម្មករ​ផង​ដែរ​។​

​លោក ជៀង អំ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​បាន​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ខ្សែ​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ហ័ង​អញ់ និង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន ​ធ្វើយ៉ាង​ណា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា​បង្កើន​ជំនឿ​ទុកចិត្ត​លើ​គុណភាព និង​សុវត្ថិភាព​ នៃ​ផលិតផល​ពី​អតិថិជន​ក្នុង និង​ក្រៅ​ប្រទេស។ ព្រម​ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន ​ក៏ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ស្ថានភាព​ជីវភាព និង​សុខភាព​របស់​បង​ប្អូន​បុគ្គលិក​កម្មករ​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ​។​

​លោក​ក៏បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ដែល​មាន​លទ្ធភាព ពិនិត្យ​ និង​ពិចារណា​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​លើ​ការកែច្នៃ វេច​ខ្ចប់​កសិផល​ថែមទៀត ដើម្បី​រួមគ្នា​កាត់បន្ថយ​ការនាំចេញ​វត្ថុ​ធាតុ​ដើម។ ដែល​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​តម្លៃ បន្ថែម បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ លោក​ ក៏បាន​ឧបត្ថម្ភ​សាប៊ូ​ដុំ​ចំនួន​២០​កេស​ជូន​ក្រុមហ៊ុន យក​ទៅ​ចែក​ជូន​បន្ត​ដល់​បងប្អូន​កម្មករ-ការិនី បាន​ប្រើប្រាស់​ក្នុង​ការ​លាង​សម្អាត​ដៃ​ក្នុង​បរិបទ​ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ផង​ដែរ​៕
អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

សូមចុចអាន ៖ អភិបាលខេត្ត​បាត់ដំបង ប្ដេជ្ញា​ជំរុញ​បង្កើន​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ ​តាម​​រយៈ​វិស័យ​កសិកម្ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114