BREAKING NEWS
Search

ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ តំឡើង​កីឡាករ​២​នាក់​ឱ្យ​ធ្វើជា​កីឡាករ​ផង​និង​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្រុម​ផង

ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ប្រកាស​ថា ​ក្លិប​សម្រេច​តែងតាំង​កីឡាករ​ជើងចាស់​ចំនួន​២​រូប​គឺ​កីឡាករ ចាន់ រិទ្ធី និង​កីឡាករ​ជនជាតិ​ជប៉ុន Fukasawa Masahiro ដើរ​តួនាទី​ជា​កីឡាករ​ផង និង​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្លិប​ផង សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧ ខាងមុខនេះ។

ចំពោះ​កីឡាករ ចាន់ រិទ្ធី ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ២០១១ ព្រមទាំង​ធ្លា​ប់រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ឱ្យ​ក្រុម​ផង​ដែរ​។ កីឡាករ​រូបនេះ​មាន​ប្រភព​ចេញពី​ក្លិប​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០០៩ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន មុន​ចេញ​ទៅលេង​ក្នុង​លី​គ​លំដាប់​ទី​២​របស់​ប្រ​ទស​ថៃ ក្នុង​ក្រុម Nakhon Pathom FC នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១​ដល់​២០១២ បាន​ចូលរួម​ជាមួយ​ក្រុម Surin FC​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៤ រូបគេ​បាន​ត្រឡប់មក​ប្រទេស​កំណើត​វិញ ដោយ​ចូលរួម​ជាមួយ​ក្រុម​បឹងកេត​អង្គរ ខណៈ​ចាប់ពី​ឆ្នាំ​២០១៤ ដល់​បច្ចុប្បន្ន​ចូលរួម​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។

​ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ​ធ្លាប់ជួយ​ក្រុម​ដែល​ខ្លួន​ប្រកប​អាជីព​ឈ្នះ​ពានរង្វាន់​លីក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០០៨ ហើយ​នៅ​ឆ្នាំ​២០០៩ បន្ត​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ម្ដងទៀត ពេល​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ចុងក្រោយ​ឈ្នះ​ពានរង្វាន់​លីកកំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១២ ជាមួយ​បឹងកេត​អង្គរ​។

ចំណែក​កីឡាករ Fukasawa Masahiro មាន​អាយុ​៣៩​ឆ្នាំ​ហើយ ដោយ​ធ្លាប់​ប្រកប​អាជីព​ក្នុង​ក្លិប​ជាច្រើន​ដូចជា Yokohama Marinos របស់​ជប៉ុន មុន​ចេញទៅ​ក្លិប River Plate របស់​អា​ហ្ស​ង់​ទីន​។

ក្រោម​គេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្រុម Yokohama F. Marinos របស់​ជប៉ុន​វិញ ហើយក៏​បន្ត​ទៅ​ចាប់​អាជីព​ជាមួយ​ក្រុម Tenerif របស់​អេ​ស្ប៉ា​ញ​។ ក្រោយ​មក​ទៀត​រូបគេ​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​ម្ដងទៀត​ដោយ​លេង​នៅ​ក្រុម Yokohama F. Marinos និង Albirex Niigata​។ នៅ​រដូវ​កាល​២០០៥ បាន​ចូល​លេង​នៅ​ក្រុម Montreal Impact របស់​កាណាដា មុន​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ាន ដោយ​ចូលរួម​ជាមួយ​ក្រុម Bangkok University FC របស់​ថៃ ចេញពី​ប្រទេស​រូបគេ​បាន​ទៅ​សិង្ហ​បុរី ដោយ​ចូលរួម​ជាមួយ​ក្រុម Singapore Armed Forces មុន​ត្រលប់​ទៅ​ក្រុម Bangkok United វិញ។ នៅ​ឆ្នាំ​២០១១ ចូលរួម​ជាមួយ​ក្រុម Fourway Rangers របស់​ហុងកុង មុន​ចេញទៅ​ក្រុម Bontang របស់​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០១៣​។ ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៦ បាន​ចូល​លេង​នៅ​ក្លិប​ណាហ្គា​វើ​ល របស់​កម្ពុជា​។

​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ពេលនេះ​ដឹកនាំ​ដោយ​លោក ហុក សុ​ជី​វ័​ន្ត រយៈពេល​២ រដូវ​កាល​ហើយ ខណៈ​ក្រុម​នេះ​ទើបតែ​ប្ដូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន ( Hun Sen Cup) និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ កន្លងទៅ​។ ក្នុង​ពានរង្វាន់ Hun Sen Cup 2015 ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បាន​ដឹកនាំ​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ប្រកួត​ចាញ់ ស្វាយរៀង​អែ​ហ្វ​ស៊ី ២ ទល់ ០ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ តែ​យកឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣ ទល់ ០ នៅ​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​។

ចំណែក​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​ចំណាត់ថ្នាក់​លេខ​៣ នៅ​វគ្គ​សន្សំ​ពិន្ទុ​ទាំង​២​ជើង តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វីដៃ​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ចាញ់​ក្រុម​បឹងកេត​អង្គរ នៅ​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114