ក្រុម​ជួយសង្គ្រោះ​ជប៉ុន​ស្វែងរក​អ្នក​នៅរស់ ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Hagibis សម្លាប់​មនុស្ស​៣៥​នាក់

នៅ​ថ្ងៃ​ចន្ទ អ្នក​ជួយសង្គ្រោះ​រាប់ពាន់នាក់​កំពុង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​ពី​ព្យុះ Hagibis ដ៏​មាន​ឥទ្ធិពល​ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ព្យុះ​នេះ​វាយប្រហារ​ប្រទេស​ជប៉ុន​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣៥​នាក់​។​

ព្យុះ Hagibis បាន​វាយប្រហារ​ប្រទេស​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍​ប៉ុន្តែ​បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ម៉ោង​មុនពេល​វា​មកដល់​ដោយ​បង្ក​ឲ្យ​មានការ​បាក់​ដី​និង​ទឹកទន្លេ​ឡើង​ផុត​ច្រាំង​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​ជាង​១១​ម៉ឺន​នាក់​រួមទាំង​កងទ័ព​៣១,០០០​នាក់​ផងដែរ​បានធ្វើការ​ពេញ​មួយ​យប់​ដល់​ថ្ងៃ​ចន្ទ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​ជាប់​នៅក្នុង​គ្រោះមហន្តរាយ​នេះ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣៥​នាក់​ត្រូវបាន​សម្លាប់​ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​ថា មនុស្ស​ជិត​២០​នាក់​បាន​បាត់​ខ្លួន​។​

ព្យុះ Hagibis គឺជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​វាយប្រហារ​ទីក្រុង​តូ​ក្យូ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​ដោយ​នាំមក​នូវ​ជាមួយ​ខ្យល់​បក់​ខ្លាំង​រហូតដល់​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

នៅ​កណ្តាល​ទីក្រុង Nagano, ការបាក់​ទំនប់​មួយ​បាន​បណ្តាល​ឲ្យ​ទឹកទន្លេ Chikuma ឡើង​ជន់​លិច​តំបន់​លំនៅដ្ឋាន​ដោយ​លិច​ផ្ទះ​ដល់​ជាន់​ទី​ពីរ​។​

ឧទ្ធម្ភាគចក្រ​យោធា​និង​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​ជួយសង្គ្រោះ​អ្នក​នៅ​រស់រានមានជីវិត​ពី​ដំបូលផ្ទះ​និង​យ៉រ​ក្នុង​ទីតាំង​ជាច្រើន​ប៉ុន្តែ​នៅ​ទីក្រុង ហ្វូ​គូ​ស៊ី​ម៉ា​, ប្រតិបត្តិការ​មួយ​ត្រូវ​បរាជ័យ​នៅពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ធ្លាក់ទឹក​ខណៈពេល​កំពុង​ជួយសង្គ្រោះ​។​

នៅ​កន្លែង​ផ្សេង ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ប្រើ​ទូក​ក្នុងអំឡុងពេល​នៃ​ប្រតិបត្តិការ​រយៈពេល​មួយ​ម៉ោង​ដើម្បី​ជួយសង្គ្រោះ​មនុស្ស​រាប់រយ​នាក់​ដែល​ជាប់​នៅក្នុង​មណ្ឌល​ចាស់ជរា​មួយ​ក្នុង​ទីក្រុង Kawagoe ភាគ​ពាយព្យ​ទីក្រុង​តូ​ក្យូ​នៅពេល​ទឹកជំនន់​ជន់​លិច​អគារ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114