BREAKING NEWS
Search

ក្រុម​ណាហ្គា​វើ​ល ចុះ​កិច្ចសន្យា​នាំ​យក​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល ត្រៀម​រដូវ​កាល​ថ្មី

ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល សមាជិក​ពានរង្វាន់​លីក​កំពូល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ ទី​៤ ខែមករា ឆ្នាំ​២០១៧ បាន​ប្រកាស​ថា​ ក្រុម​ខ្លួន​សម្រេច​ចុះ​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល ជាមួយ​កីឡាករ​បរទេស​ជនជាតិ​ប្រេ​ស៊ី​ល មួយ​រូប​ដែល​ធ្លាប់​បង្ហាញខ្លួន​ក្នុង ពានរង្វាន់​លីក​កំពូល​របស់​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ត្រៀម​ចូល​ប្រកួត​ក្នុង​ពានរង្វាន់​សំខាន់ៗ​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ខាងមុខ។

ក្លិប​ណាហ្គា​វើ​ល បាន​ប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ថ្ងៃនេះ​(​ថ្ងៃ​ព្រ​ស​ហ្បតិ៍​) ក្លិប​បាល់ទាត់ NagaWorld បាន​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Diego Gama de Oliveira សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ កីឡាករ​ប្រេ​ស៊ី​ល Diego Gama de Oliveira បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់​ខ្លួន​មុនដំបូង​គឺ​នៅ​ឈុត​យុវជន​របស់​ក្លិប Santos ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ប្រេ​ស៊ី​ល មុន​ពេល​ដែល​រូបគេ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​មួយរូប​។ រូបគេ​បាន​បន្ត​ដំណើរ​ជីវិត​ក្នុង​វិស័យ​បាល់ទាត់​នៅ​ក្លិប​ជាច្រើន​មានដូចជា Gremio Anapolis​ក្នុងប្រទេស​កំណើត​មុន​ចេញទៅ​កាន់​ក្លិប Desportivo, Aves ក្នុង​លីក​កំពូល​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​, The Cong នៅ​វៀតណាម​, La Paz ប្រទេស​បូ​ឡា​វី​, Hougang Utd សិង្ហ​បុរី និង Pusamania Borneo FC របស់​ឥណ្ឌូណេស៊ី មុន​សម្រេច​ចុះកិច្ចសន្យា​ជាមួយ​ណាហ្គា​វើ​ល​នេះ​។

នេះ​ជា​ការ​បន្ថែម​សមាជិក​បរទេស​ថ្មី ​នៅ​ក្នុង​ក្លិប​ណាហ្គា​វើ​ល ខណៈ​ខាង​ក្លិប​បាន​បង្ហើប​ថា មាន​កីឡាករ​បរទេស​ចំនួន​៣​រូប​ហើយ​រួមមាន Anderson Zogbe ដែល​ជា​ខ្សែការពារ​ចាស់​ជនជាតិ​កូ​ឌី​វ័រ កីឡាករ​ជប៉ុន​Kento Fujihara​ជា​ខ្សែ​ការពារ​និង​កីឡាករ​ប្រេ​ស៊ី​ល Diego Gama de Oliveira នេះឯង។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី គឺ​ក្លិប​ជា​សមាជិក​លីក​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​អ្នកគាំទ្រ​ត្រូវ​រង់ចាំ​មើល​ថា​ តើ​កីឡាករ​បរទេស​ទី​៤ និង​៥ រូប​ណា នឹង​ចូល​រួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល។

ក្រុម​ណាហ្គា​វើ​ល ទើបតែ​ចុះ​កិច្ចសន្យា​នាំ​យក​ម្ចាស់​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2016) គឺ​កីឡាករ សួង វីរៈ មក​ចូលរួម​ជាមួយ​ក្រុម​ដោយ​ជោគជ័យ​ផងដែរ​។ ទន្ទឹម​នឹង​ព័ត៌មាន​នាំចូល​កីឡាករ​ថ្មី ក្រុម​ណាហ្គា​វើ​ល ក៏​មាន​ដំណឹង​ពី​ការ​ចាកចេញ​របស់​កីឡាករ​មួយ​ចំនួន​ផង​ដែរ ដូចជា​កីឡាករ ទៀត ចាន់​ដា​រ៉ា​សុខា ដែល​សម្រេចចិត្ត​ឈប់​លេង​បាល់ កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី កីឡាករ សេត រ៉ូ​ហ្សី​ប និង​កីឡាករ សុខ ផេង បាន​ចាកចេញ​ទៅកាន់​ក្លិប​បឹងកេត​អង្គរ ខណៈ​កីឡាករ ផន រតនា​, កីឡាករ ប្រាក់ ចាន់​រតនា ទំនងជា​ទៅ​ចូលរួម​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ផងដែរ។

ចំពោះ​ក្រុម​ណាហ្គា​វើ​ល នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​លោក មាស ចាន់ណា ដឹកនាំ​ក្រុម ខណៈ​ក្រុម​មួយ​នេះ​បាន​ខកចិត្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​២​លើក​កាលពី​ឆ្នាំ ២០១៥ កន្លង​ទៅ​ដោយ​ចាញ់​ស្វាយរៀង​អែ​ហ្វ​ស៊ី (​ស្វាយរៀង​ព្រះខ័ន​រាជ​) ដោយ​លទ្ធផល ២​ទល់​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​ហ៊ុនសែន (Hun Sen Cup)​ហើយ​លើក​ទី​២ របូត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ ពី​ដៃ​ក្រោយ​ចាញ់​ភ្នំពេញ​ក្រោ​ន ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី​។ ប៉ុន្តែ​ចូលឆ្នាំ​២០១៦ នេះ​ណាហ្គា​វើល បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ខណៈ​កៅអី​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា វិញ​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ប្រកួត​បាន​១៨​លើក ឈ្នះ​១០​លើក ស្មើ​៥​លើក និង​ចាញ់​៣​លើក មាន​៣៥​ពិន្ទុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114