ក្រុម​និស្សិត​ផ្នែក​សារព័ត៌មាន មកពី​សាកល​វិទ្យាល័យ ​កេ​ម​យ៉ង​នៃ​សាធារណរដ្ឋ​កូរ៉េ មក​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
BREAKING NEWS
Search

ក្រុម​និស្សិត​ផ្នែក​សារព័ត៌មាន មកពី​សាកល​វិទ្យាល័យ ​កេ​ម​យ៉ង​នៃ​សាធារណរដ្ឋ​កូរ៉េ មក​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប

សៀមរាប ៖ ក្រុម​និស្សិត​ផ្នែក​សារព័ត៌មាន​មកពី​សាក​ល​វិទ្យាល័យ ​កេ​ម​យ៉ង នៃ​សាធារណរដ្ឋ​កូរ៉េ ចំនួន​១៤​រូប ដឹកនាំ​ដោយ​លោក គិ​ម យ៉ូ​ចូ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ ​កេ​ម​យ៉ង បាន​មក​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្តសៀមរាប ដោយមាន​ការ​ទទួល​បដិសណ្ឋាកិច្ច​ពី​សំណាក់​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង លោក លោកស្រី ជា​អនុប្រធាន​មន្ទីរ និង ប្រធាន​ការិយាល័យ​ចំណុះ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ។​

​​ក្នុង​ឱកាស​នោះ​ដែរ​ លោក គិ​ម យ៉ូ​ចូ បាន​សម្ដែង​នូវ​ក្ដី​សប្បាយរីករាយ ចំពោះ​ថ្នាក់​ដឹកនាំ​និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប ដែល​បាន​ទទួល​ស្វាគមន៍​ក្រុម​ប្រតិភូ​របស់​លោក​ដោយ​ភាពកក់ក្ដៅ ខណៈ​ដែល​ក្រុម​និស្សិត​ផ្នែក​សារ​ព័ត៌មាន​នៃ​សាកល​វិទ្យាល័យ ​កេ​ម​យ៉ង មក​ទស្សនកិច្ច​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​នា​ពេល​នេះ គឺ​ក្នុង​បំណង​សិក្សា ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្តសៀមរាប ។​

ជា​ការ​ឆ្លើយតប លោក លីវ សុខុន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​គណៈប្រតិភូ នៃ​សាកល​វិទ្យា​ល័យ ​កេ​ម​យ៉ង ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀម​រាម​នាពេលនេះ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ និង ក្រុម​និស្សិត​ផ្នែក​សារព័ត៌មាន​មកពី​សាក​ល​វិទ្យា​ល័យ ​កេ​ម​យ៉ង ដែល​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្ត​សៀមរាប​នេះ ។​

​លោក លីវ សុខុន មានប្រសាសន៍​ទៀត​ថា មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប មាន​ការិយាល័យ​ជា​ចំណុះ​ចំនួន​៥​ការិយាល័យ ក្នុង​នោះ​មាន​ការិយាល័យ​ចំនួន​០២ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការងារ​ផ្សព្វផ្សាយ គឺ​ការិយាល័យ​វិទ្យុ ដែល​មាន​ស្ថានីយ​មួយ​ឈ្មោះថា វិទ្យុ​FM​នគរ​ភ្នំ ផ្សាយ​តាម​រលក​ធាតុ​អាកាសប៉ុស្តិ៍​លេខ ១០៣ មេ​ហ្កា​ហឺត ផ្សាយ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​១១​យប់ និង​ការិយាល័យ​ទូរទស្សន៍ ស្ថានីយ​មួយ​ឈ្មោះថា ទូរទស្សន៍​ជាតិ​ខេត្ត​សៀមរាប ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍​ខ្សែកាប​អង្គរ​ខេត្ត​សៀមរាប ប៉ុស្តិ៍​លេខ​៩៥ និង តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ផ្សាយ​ជា​រៀងរាល់ថ្ងៃ គឺ​ផ្សាយ​ពេញ​២៤​ម៉ោង ។​

​លោក លីវ សុខុន មានប្រសាសន៍​បន្ថែម​ទៀត​ថា ការផ្សាយ​របស់​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​ខេត្ត​សៀមរាប​នេះ គឺ​ផ្ដោត​ជា​សំខាន់​លើ​ការអប់រំ និង ការ​យល់ដឹង​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ, អភិបាលកិច្ច​ល្អ, ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋបាល​ខេត្ត​សៀមរាប ជាពិសេស ការផលិត​ព័ត៌មាន​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ​ក្នុង​ខេត្ត​សៀមរាប ៕​


អត្ថបទ ៖ គឿន​វេត​