ក្រុម​នៅ Formula 1 យល់ព្រម​កាត់បន្ថយ​ការចំណាយ​មក​នៅត្រឹម​១៤៥​លាន​ដុល្លារ​សម្រាប់​រដូវ​កាល​ក្រោយ

កាលពី​ថ្ងៃ​ក្រុម​នៅ​ការប្រណាំង​រថយន្ត Formula 1 បាន​ឯកភាព​ទទួលយក​ការចំណាយ​ត្រឹម​១៤៥​លាន​ដុល្លារ​នៅក្នុង​រដូវ​កាល​ក្រោយ ស្រប​ពេលដែល​កីឡា​ប្រណាំង​រថយន្ត​មួយ​នេះ ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ហិរញ្ញវត្ថុ​បង្កឡើង​ដោយសារ​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVIDf-19។

ស្រប​ពេលដែល​រដូវ​កាល​ប្រណាំង​រថយន្ត​ឆ្នាំ​២០២០​នៅ​មិនទាន់​ចាប់ផ្តើម និង​ការប្រកួត​១០​ក្នុងចំណោម​២២​ប្រកួត​ដែល​បានកំណត់​រួច ត្រូវបាន​លុបចោល ឬ​ពន្យា​ពេលនោះ ក្រុម​ទាំង​១០ បាន​ឈានដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ។

BBC បាន​រាយការណ៍​ថា ក្រុម​បាន​បោះឆ្នោត​ដើម្បី​បញ្ចុះ​ការ ទទួលបាន​ថវិកា​ដែល​គេ​ណែនាំ​សម្រាប់​ឆ្នាំ​២០២១ ដោយ​កាត់បន្ថយ​ថវិកា​៣០​លាន​ដុល្លារ មក​នៅត្រឹម ១៤៥​លាន​ដុល្លារ​។

ពួកគេ​នឹង​កាត់បន្ថយ​ម្តង​ទៀត​មក​នៅត្រឹម​១៤០​លាន​ដុល្លារ ​សម្រាប់​ឆ្នាំ​២០២២ និង​១៣៥​លាន​ដុល្លារ​សម្រាប់​រយៈពេល​ចាប់ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ ។

វិធានការ​ជាច្រើន​ទៀត ត្រូវបាន​គេ​ព្រមព្រៀង​ផងដែរ ដែល​រួមទាំង​ប្រព័ន្ធ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។​
​ទោះបីជា​យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ ត្រូវការ​ឯកភាព​ជា​ផ្លូវការ​ដោយ​ក្រុមប្រឹក្សា​កីឡា​ប្រណាំង​រថយន្ត​ពិភពលោក គឺ​គណៈ​គ្រប់គ្រង FIA នា​សប្តាហ៍​ក្រោយ​។
​កាលពី​ដំបូង​ឡើយ ការ​ចំណាយ​១៧៥​លាន​ដុល្លារ ត្រូវ​បាន​ណែនាំ​សម្រាប់​រដូវ​កាល​ក្រោយ ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ការប្រកួត ប៉ុន្តែ​ការ​ចំណាយ​នេះ ត្រូវបាន​កាត់បន្ថយ​វិញ ដោយសារតែ​កីឡា​ពួកគេ ត្រូវបាន​អាក់ខាន​ដោយសារ​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114