BREAKING NEWS
Search

ក្រុម​បឹងកេត ទៅ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ TMCC នៅ​ទីក្រុង​ហាណូយ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​ក្រុម​បឹងកេត​អេ​ហ្វ​ស៊ី ក្នុងនាម​ជា​ក្រុម​កំពូល​តារាង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ទាំង២​ជើង នឹង​ចេញដំណើរ​ទៅ​ទីក្រុង​ហាណូយ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដើម្បី​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​ជើងឯក​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2017 (TMCC)​។

​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បឹងកេត បាន​លើកឡើងថា ​ក្រុម​លោក​នឹង​ចេញដំណើរតាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៦​ល្ងាច ​តាម​ជើងហោះហើរលេខ VN-920​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​លោក​នៅ​មិនទាន់​អាច​បង្ហើប​ពីបញ្ជី​ឈ្មោះ​កីឡាករ​ ដែល​ត្រូវ​ចេញទៅ​ប្រកួត​នោះទេ ដោយ​ចាំ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ តែម្តង។​

​សូមបញ្ជាក់ថា​ ពានរង្វាន់ TMCC ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន​៤​ក្រុម ដោយ​ក្នុងនោះ​ក្រុម​បឹងកេត​អែហ្វ​ស៊ី តំណាងឱ្យ​លី​គ​កំពូល​កម្ពុជា ក្រុម Sanna Khanh Hoa តំណាង​លី​គ​កំពូល​របស់​វៀតណាម ក្រុម Lao Toyota FC ជា​ជើងឯក​លី​គ​កំពូល​របស់​ប្រទេស​ឡាវ ក្រុម SCG Muangthong United ជាជើងឯក​ពានរង្វាន់ Thia League Cup 2017 របស់​ថៃ​។ ចំណែក​សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ាសុំ​ដកខ្លួន​មិន​បញ្ជូន​ក្រុម​ចូលរួម​។

​តាម​គម្រោង​ពានរង្វាន់ TMCC 2017 ត្រូវ​រៀបចំឡើង​ពីថ្ងៃ​ទី​៩ ខែធ្នូ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ដល់ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨​។ ការប្រកួត​នេះ​បែង​ចែកជា​៣​វគ្គ ដោយ​វគ្គ​ទី​១ ក្រុម​ Sanna Khanh Hoa និង បឹងកេត ត្រូវ​ប្រកួត​ជម្រុះ​គ្នា​ចំនួន​២​លើក ​ពោល គឺ​ប្តូរ​ទឹកដី​គ្នា​សិន​ ដោយ​ជើង​ទី​១ ក្រុម Sanna Khanh Hoa បើកទ្វា​កីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ ទទួល​ក្រុម​បឹងកេត ហើយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ ដោយ​ក្រុម​បឹងកេត បើកទ្វា​ទទួលក្រុម Sanna Khanh Hoa វិញ​ម្តង ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រុម​ដែល​ឈ្នះ​រវាង​បឹងកេត និង​ Sanna Khanh Hoa ត្រូវ​ឡើងទៅ​ជួប​ក្រុម​មកពី​លី​គ​កំពូល​ឡាវ​ គឺ Lao Toyota FC ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ទី​២ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៧​។ វគ្គ​ទី​៣ ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​ឡើងទៅ​ជួប​ក្រុម ​SCG Muangthong United ជើងឯក​ពានរង្វាន់ 2017 Thia League Cup របស់​ថៃ​ដែល​អង្គុយចាំ​វគ្គ​ផ្ដាច់ព្រ័ត្រដែលមាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក ដោយ​ជើង​ទី​១​ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ នៅប្រទេស​របស់​ក្រុម​ដែល​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ជើង​ទី​២​ ធ្វើឡើង​នៅ​រាជធានីបាងកក វិញ​។​

​យ៉ាងហោច​ទឹកប្រាក់​សរុប​ប្រមាណ​ជា ​១៧៣,០០០ ដុល្លារ​អាមេរិក នឹងត្រូវ​ត្រៀម​រៀបចំ​ពានរង្វាន់ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេរ​មេគង្គ​នេះ ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹងទទួលបាន​ចំនួន ​៧៥,០០០ ​ដុល្លារ​អាមេរិក​ ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់ ​៥ ​ម៉ឺនដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​ ៥ ​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ទទួលបាន​ ៣​ ពាន់​ដុល្លារ​អាមេរិក​ផងដែរ​។​

​ពានរង្វាន់ TMCC រៀបចំឡើង​បាន​៣​លើក​មកហើយ គិតពី​ឆ្នាំ ​២០១៤ មក​ដែល​ក្រុម Becamex Binh Doung របស់​វៀតណាម បានឈ្នះ​ជើងឯក​នៅ​ឆ្នាំ​ដំបូង ហើយ​២​ឆ្នាំ​បន្ទាប់​ក្រុម Buriram United របស់ថៃឈ្នះ​ជាប់ៗ​គ្នា​។ ចំពោះ​ក្រុម​តំណាង​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​វិញ ទើបតែ​មាន​២ក្រុម​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ ​២០១៤ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ​នៅ​ឆ្នាំ ២០១៥ ក្រុម​បឹងកេត ទទួលបាន​ជើងឯក​រង និង​ ឆ្នាំ​ ២០១៦ ក្រុម​បឹងកេត បន្ត​ចេញទៅ​ប្រកួត​ទៀតតែ​បាន​ត្រឹម​លេខ​៣៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114