BREAKING NEWS
Search

ក្រុម​មកពី​លីក​កំពូល​ម៉ា​ឡេ​សី Melaka United មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​លីក​កំពូល​កម្ពុជា​៤​ផ្សេងគ្នា​ក្នុង​ខែមករា​នេះ

ក្រុមបាល់ទាត់​Melaka United ក្នុង​លីក​លំដាប់​កំពូល Malaysia Super League គ្រោង​មក​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ចំនួន​៤​ផ្សេងគ្នា​ ដែល​ជា​សមាជិក​លីក​កំពូល​របស់​កម្ពុជា នៅក្នុង​ខែមករា នេះ​រួមមាន ក្រសួងការពារជាតិ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ណាហ្គា​វើ​ល និង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

យោងតាម​កាលវិភាគ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី ឆ្លើយឆ្លង​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា ​ក្លិប Melaka United នឹងត្រូវ​ប្រកួត​ដំបូង​នៅ​ថ្ងៃទី ៥ ខែ មករា ឆ្នាំ​២០១៧ ជួប​ជាមួយ​ក្រុម​ក្រសួងការពារជាតិ នៅ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​) ហើយ​នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី ៦ ខែ មករា ឆ្នាំ​២០១៧ ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន​។ ចំពោះ​ប្រកួត​ទី​៣ ត្រូវ​បន្ត​ជួប​ក្រុម​ណាហ្គា​វើ​ល នៅ​ថ្ងៃទី ៨ ខែ មករា ឆ្នាំ​២០១៧​និង​ចុងក្រោយ​នៅ​ថ្ងៃទី ៩ ខែ មករា ឆ្នាំ​២០១៦ ជួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ទីលាន​ជាមួយគ្នា​។

​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Malacca City មួយ​នេះ​ទើបតែ​ឈ្នះ​ជើងឯក​មកពី​ពានរង្វាន់​លំដាប់​ទី​២​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Premier League) កាលពី​ឆ្នាំ​២០១៦ ដូច្នេះ​មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ឡើងមក​លេង​លី​គ​កំពូល​របស់​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០១៧ នេះ​។ ក្រុម​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩២០ ដោយ​ប្រើប្រាស់​កីឡដ្ឋាន​Hang Jebat Stadium​ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ប្រមាណ​ជា​៤​ម៉ឺន​នាក់ ព្រមទាំង​ដឹកនាំ​ដោយ​លោក Eric Williams​។

​នេះ​ជា​ក្រុម​របស់​ម៉ាឡេស៊ី ទី​២​ហើយ​ដែល​ធ្វើដំណើរ​មក​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្រៅផ្លូវការ​នៅ​កម្ពុជា មុន​រដូវ​កាល​២០១៧ ចាប់ផ្ដើម​ខណៈ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦ កន្លងទៅ​មាន​ក្រុម UiTM ដែលជា​សមាជិក​លី​ក​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី បាន​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​របស់​កម្ពុជា មួយ​ចំនួន​ដូចជា ឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២​ទល់​០ ហើយ​បន្ត​ក្លិប​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ២​ទល់​១ តែ​ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២​ទល់​០ និង​បន្ត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​១ មុន​ស្មើគ្នា​ជាមួយ​ណាហ្គា​វើ​ល ១​ទល់​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114