BREAKING NEWS
Search

ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចុះកិច្ចសន្យា​បន្ថែម​កីឡាករ​២ រូប​ត្រៀមខ្លួន​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី

ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានសម្រេច​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ថ្មី​ចំនួន​២​រូប​មាន​កីឡាករ សញ្ជាតិ​ជប៉ុន Shimpei Wada និង​កីឡាករ សេង កូ​សែន មកពី​ក្រុម​បឹងកេត​អង្គរ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ទាំង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លីកកំពូល​កម្ពុជា។

កីឡាករ Shimpei Wada​ជា​ខ្សែបម្រើ ហើយ​ក្លិប​មិនបាន​បង្ហាញ​ពី​ប្រវត្តិរូប​នោះទេ តែ សេង កុ​សែន ជា​ខ្សែបម្រើ​ស្លាប ធ្លាប់​ជា​ប្រធាន​ក្រុម​នៅ​ក្លិប​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ក្នុង​ឆ្នាំ​២០១៥ មុន​ប្តូរ​ទៅ​ចូលរួម​ជាមួយ​បឹងកេត​អង្គរ នៅ​រដូវ​កាល​២០១៦​។ អំឡុង​ពេល​នៅ​ជាមួយ​បឹង​កេត​អង្គរ កីឡាករ​រូប​នេះ​មិនសូវ​ដ​ណ្រើ​ម​បាន​កៅអី​ជម្រើស​១១​នាក់​ដំបូង​បាន​នោះទេ​ព្រោះ​ក្នុង​ក្លិប​សំបូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ​ច្រើន។

កីឡាករ Shimpei Wada គឺជា​កីឡាករ​បរទេស​ទី​៤ ហើយ​ដែល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​សម្រេច​ចុះកិច្ចសន្យា​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​បន្ទាប់ពី​នាំ​យក​កីឡាករ​Mahamad Latiff ពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​និង​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ចាស់ Matthew Osa និង​កីឡាករ​O.ABIODUN មកពី​លី​គ​កំពូល​របស់​ឡាវ​។ យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​១​នាក់​ទៀត​ប៉ុណ្ណោះ​។ ចំណែក​កាលពី​រដូវ​កាល​ចាស់​វេ​ស្ទើ​ន​ភ្នំពេញ មាន​កីឡាករ​បរទេស​តែ​៤​រូប​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​មាន Matthew Osa និង​Peter Anayo ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ហើយ Takahito Ota និង Akira Higashiyama ជា​ជនជាតិ​ជប៉ុន។

កាល​ពី​ពេល​ថ្មីៗ​ក្លិប​បានសម្រេច​នាំ​យក​កីឡាករ​ខ្មែរ​មួយចំនួន​ដូចជា សាន ឧសភា និង ប៉េង ប៊ុន​ឆាយ ជា​អ្នកចាំទី កីឡាករ អ៊ុក វ៉ាន់​ណេ​, ឡុង បុរាណ និង ម៉ែន មុនី​រ៉ា ជា​ខ្សែការពារ និង​អតីត​កីឡាករ​របស់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ចាកចេញ​ទៅលេង​នៅ​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​មុខ ព្រំ យ៉ា​ណែ​ត ជាដើម។

បើ​និយាយ​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៦ កន្លង​ទៅវិញ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​ចំណាត់ថ្នាក់​៨ ក្នុងចំណោម​បញ្ជី​ក្រុម​ទាំង​១០​ជា​សមាជិក ក្រោយ​ប្រកួត​បាន​១៨ លើក ឈ្នះ​បាន​២​លើក ស្មើ​៥​លើក និង​ចាញ់​១១​លើក មាន​៨​ពិន្ទុ ក្នុង​ដៃ​។ ក្លិប​បាន​នាំយក​កីឡាករ​សំខាន់ៗ​មួយចំនួន​មក​រួម​ក្រុម​ផង​ដែរ​ កាល​ពី​ពេល​ថ្មីៗ ខណៈ​លោក ស៊ុំ វណ្ណា សម្រេចចិត្ត​ដឹកនាំ​ក្រុម​ក្នុង​រដូវ​កាល​២០១៧ ខាងមុខ ហើយ​លោក ក្រួច ម៉ុ​ល ដែលជា​ប្រធាន​ក្រុម​ត្រូវ​ដំឡើង​តំណែង​ជា​គ្រូ​ជំនួយ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114