BREAKING NEWS
Search

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​មួយ​មកពី​ប្រទេស​ថៃ នៅ​សប្ដាហ៍​ក្រោយ

ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សមាជិក​ពានរង្វាន់​លីក​កំពូល​កម្ពុជា (Metfone Cambodian League 2017) បាន​ណាត់​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្រៅផ្លូវការ​មួយ​ជាមួយ​ក្រុមបាល់ទាត់​សាលា​វិជ្ជាជីវៈ​នគរបាល​ភូមិន្ទ​ថៃ មកពី​ប្រទេស​ថៃ នៅ​សប្ដាហ៍​ក្រោយ អំឡុងពេល​ពានរង្វាន់​លីក​កំពូល​កម្ពុជា សម្រាក​មួយរយៈ។

​យោង​តាម​ប្រភព​មកពី​ក្លិប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា ​ការប្រកួត​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ០៤និង០០ នាទី​រសៀល នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៣ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខ ដែល​ធ្វើឡើង​នៅលើ​វាលស្មៅ​សប្ប​និម្មិត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្នុងជំនួប​ការប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ និង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​២ កម្ពុជា​និង​ថៃ​។ ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ការប្រកួត​នេះ​បាន​ដោយ​ឥតគិតថ្លៃ ផងដែរ។

​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ពេល​នេះ​កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំងអស់​១២​ក្រុម ក្រោយ​ប្រកួត​បាន​ចំនួន ១៣ ដង​ក្នុង​នោះ​ឈ្នះ ៤ ដង ស្មើ ៤ ដង និង​ចាញ់​៥ ដង​មាន ១៦ ពិន្ទុ​នៅក្នុង​ដៃ គិត​ត្រឹម​សប្ដាហ៍​ទី​១៣ កន្លង​មក​នេះ​។ សម្រាប់​ប្រកួត​បន្ទាប់ ក្នុង​សប្តាហ៍​ទី​១៤ នៅ​ថ្ងៃអាទិត្យ​ទី​៣០​ខែកក្កដា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់។

​សូម​រំលឹក​ផងដែរ​ថា ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ចប់​រដូវ​កា​ឆ្នាំ​២០១៦ របស់ខ្លួន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​ក្លិប​ទាំង​១០ ក្រោយ​ប្រកួត​បាន​១៨​លើក​ឈ្នះ​បាន​៤​លើក ស្មើ​ចំនួន​៥​លើក និង​ចាញ់​ចំនួន​៩​លើក មាន​១៧​ពិន្ទុ​នៅក្នុង​ដៃ​។ កីឡាករ​សំខាន់ៗ​ប្រចាំ​ក្លិប​មានដូចជា ទិ​ត្យ ឌី​ណា​, អ៊ុ​ល រ៉ាវី​, លី អា​រី​ហ្វី​ន​, សាយ ពិសិដ្ឋ ជាដើម​។ លោក នុត សូ​នី ត្រូវ​បាន​ក្លិប​តែងតាំង​ឱ្យធ្វើជា​គ្រូបង្វឹក​បណ្តោះអាសន្ន ក្រោយ​លោក ពាស សុធី ដែលជា​គ្រូបង្វឹក​ចាស់​ត្រូវ​បាន​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​មួយជីវិត ក្រោយ​រកឃើញថា​ធ្លាប់មាន​ប្រវត្តិ​គិត​លទ្ធផល​ទុកជាមុន៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114